របាយការណ៍៖ អាមេរិក និងអ៊ីស្រាអែល គ្រោងវាយអ៊ីរ៉ង់ជាថ្មី ក្រោយបោះឆ្នោតពាក់កណ្តាលអាណត្តិ
កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃពុធ ទី២១ ខែតុលា ថា យោធាអាមេរិក និងអ៊ីស្រាអែល បានរៀបចំផែនការវាយប្រហារលើអ៊ីរ៉ង់ជាថ្មី បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ដោយកំពុងពន្លឿនការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការដែលអាចនឹងមានរយៈពេលខ្លី ប៉ុន្តែមានភាពខ្លាំងក្លា។
ដោយដកស្រង់សម្តីមន្ត្រីអាមេរិក និងបុគ្គលផ្សេងទៀតទទួលព័ត៌មានអំពីការពិភាក្សានេះ កាសែតខាងលើ បញ្ជាក់ថា កងទ័ពប្រទេសទាំងពីរ បានបង្កើនការធ្វើសមយុទ្ធ រួមទាំងការហោះហើរឆ្លងកាត់ប្រទេសអ៊ីរ៉ាក់ ដើម្បីហ្វឹកហាត់លើបច្ចេកទេសវាយប្រហារ។
យោងតាមសេចក្តីរាយការណ៍នេះ គោលដៅដែលអាចនឹងត្រូវវាយប្រហារ រួមមាន ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ឃ្លាំងអាវុធមីស៊ីល និងដ្រូន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពល។
ស្របពេលជាមួយគ្នា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក្នុងប្រទេសអ៊ីស្រាអែល កាលពីសប្តាហ៍នេះ ដើម្បីពិភាក្សាពីលទ្ធភាពនៃការវាយប្រហារថ្មី។
យោងតាមកាសែត The New York Times ផែនការកំណត់គោលដៅលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាចរួមបញ្ចូលទាំងការវាយប្រហារទៅលើទីតាំងមួយឈ្មោះថា «ភ្នំ Pickaxe» ជាទីតាំងស្ថិតនៅក្រោមដីយ៉ាងជ្រៅ។
យ៉ាងណា មិនទាន់ច្បាស់លាស់ទេ ថាតើ លោក ត្រាំ នឹងអនុម័តការវាយប្រហារទាំងនេះឬអត់ ដោយធ្លាប់កត់សម្គាល់ថា ខ្លួនធ្លាប់ជំទាស់លើផែនការនានាដែលស្នើឱ្យត្រឡប់ទៅរកសកម្មភាពប្រយុទ្ធទ្រង់ទ្រាយធំនៅឆ្នាំនេះឡើងវិញ ជាច្រើនលើកមកហើយ។
កាលពីដើមខែនេះ លោក ត្រាំ និយាយថា សហរដ្ឋអាមេរិកនឹងមិនវាយប្រហារអ៊ីរ៉ង់មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិឡើយ ដោយសារភាគីទាំងពីរ កំពុងធ្វើការពិភាក្សាប្រកបដោយផ្លែផ្កា។
មន្ត្រីសេតវិមានម្នាក់បានប្រាប់កាសែត The Times ថា រដ្ឋបាល លោក ត្រាំ មិនធ្វើអត្ថាធិប្បាយលើផែនការយោធាដែលអាចមាន ឬមិនមាននោះទេ។ លោក ត្រាំ នៅតែរក្សាជម្រើសទាំងអស់ទុកនៅលើតុ ដើម្បីធានាថា អ៊ីរ៉ង់មិនអាចទទួលបានអាវុធនុយក្លេអ៊ែរ។
អ្វីដែលកាន់តែស៊ីចង្វាក់គ្នាទៅនឹងគម្រោងនៃការវាយប្រហារជាថ្មីនេះគឺថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានបញ្ជាក់កាលពីថ្ងៃទី២១ ខែតុលា ថា មធ្យោបាយតែមួយគត់ដើម្បីលុបបំបាត់ការគំរាមកំហែងពីអ៊ីរ៉ង់ គឺការផ្តួលរំលំរដ្ឋាភិបាលរបស់ប្រទេសនេះ។
បើយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន AFP លោកបានថ្លែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមួយ នៅទីក្រុងឌីម៉ូណា ភាគខាងត្បូងអ៊ីស្រាអែលថា៖ «អ៊ីរ៉ង់ចង់បំផ្លាញយើង ប៉ុន្តែយើងបានបញ្ឈប់ពួកគេ។ ពួកគេចង់ផលិតគ្រាប់បែកនុយក្លេអ៊ែរ ប៉ុន្តែយើងបានបញ្ឈប់ពួកគេ… ប៉ុន្តែពួកគេនៅតែបន្តមានវត្តមាន»។
លោកបានបន្ថែមថា៖ «ដូច្នេះ មានមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់រឿងនេះ គឺការផ្តួលរំលំរបបនេះ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជំរុញឱ្យទីក្រុងតេហេរ៉ង់ ឆ្លើយតបវិញដោយការប្រើប្រាស់មីស៊ីល និងដ្រូនវាយប្រហារក្នុងតំបន់ ព្រមទាំងបិទច្រកសមុទ្រហ័រមូស ជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់សម្រាប់ពិភពលោក៕

