World Cup 2026៖ ប្រេស៊ីល វាយបកទម្លាក់ជប៉ុន ២-១ មុនពេលអាល្លឺម៉ង់ហាលអាវ ក្រោយចាញ់ប៉េណាល់ទីប៉ារ៉ាហ្គាយ

admin By admin June 30, 2026

(បរទេស)៖ ក្រុមខ្លាំងប្រចាំតំបន់អាស៊ី សាម៉ូរៃជប៉ុន និងឥន្រ្ទីដែកអាល្លឺម៉ង់ នៅអឺរ៉ុប អតីតជើងឯក World Cup ៤សម័យកាល បានដឹកនាំគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ក្រោយចាញ់គូប្រកួតសាំបាប្រេស៊ីល និងប៉ារ៉ាហ្គាយពីក្នុងវគ្គ ៣២ក្រុមនៃ World Cup 2026 ដូចគ្នា។

ក្រុមជម្រើសជាតិប្រេស៊ីល បានកក់កៅអីឆ្លងទៅវគ្គ ១៦ក្រុមនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោយវាយបកឈ្នះសាម៉ូរៃខៀវជប៉ុន ២-១ យប់មិញនេះ ដ្បិតតំបន់អាស៊ីនៅសល់តែអូស្រ្តាលី ១គត់។។

ការលេងក្នុងរយៈពេល ៤៥នាទីដំបូងនៃវគ្គចាញ់-ធ្លាក់ ៣២ក្រុមនៅឯកីឡដ្ឋាន NRG Stadium ស្ថិតនៅសហរដ្ឋអាមេរិក ក្រុមខ្លាំងប្រចាំទ្វីបអាស៊ីជប៉ុន បានបើកការនាំមុខ ១គ្រាប់មុននៅនាទី២៩ ដោយកីឡាករ Sano និងបន្តរហូតដល់ចប់វគ្គទី១។

ទោះជាយ៉ាងណា សាំប្រេស៊ីលអតីតជើងឯក World Cup ៥សម័យកាលមកពីតំបន់អាមេរិកឡាទីន ដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអ៉ីតាលី Carlo Ancelotti នោះបានវាយបកឈ្នះ ២-១ វិញក្នុងវគ្គទី២ ធ្វើបានដោយកីឡាករ Casemiro មកពីក្លិប Manchester United និង Martinelli មកពីកាំភ្លើងធំ Arsenal។

តាមរយៈជ័យជម្នះនេះ ប្រេស៊ីលត្រូវរង់ចាំរវាងក្រុមឈ្នះកូដឌីវ័រ ឬក៏ក្រុមនៅអឺរ៉ុប ន័រវេស ដើម្បីលេងវគ្គ ១៦ក្រុមជាបន្តទៀតនៃ World Cup ជំនាន់ទី២៣ ដែលរៀបចំនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាចាប់ពីថ្ងៃទី១១ ខែមិថុនាដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

តំបន់អាមេរិកឡាទីន (Conmebol) រកបាន ២ក្រុមរួចរាល់ហើយ ដើម្បីឡើងវគ្គ ១៦ក្រុមរួមមានប្រេស៊ីល និងប៉ារ៉ាហ្គាយ ដែលត្រូវប៉ះរវាងក្រុមឈ្នះបារាំង ឬក៏ស៊ុយអែត ជាបន្តទៀតក្នុងវគ្គចាញ់-ធ្លាក់ ក្រោយឈ្នះអាល្លឺម៉ង់ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៤-៣ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ១-១៕

Leave a Reply

Your email address will not be published. Required fields are marked *