លោក គីម ជុងអ៊ុន ប្ដេជ្ញាពង្រឹងទំនាក់ទំនងជាមួយចិន ក្នុងសារផ្ញើទៅកាន់លោក ស៊ី ជីនពីង

admin By admin July 1, 2026

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ បានប្ដេជ្ញាថានឹងបន្តពង្រឹងទំនាក់ទំនងជាមួយចិន ដោយចាត់ទុកកិច្ចប្រជុំកំពូលថ្មីៗនេះជាមួយ លោកប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងទីក្រុងព្យុងយ៉ាង ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថានៅក្នុងសារអបអរសាទរផ្ញើទៅកាន់លោក ស៊ី ជីនពីង នាឱកាសខួបលើកទី១០៥ នៃការបង្កើតគណបក្សកុម្មុយនិស្តចិន លោក គីម ជុងអ៊ុន បាននិយាយថាវាជាគោលជំហរឥតងាករេរបស់ទីក្រុងព្យុងយ៉ាង ក្នុងការបន្តអភិវឌ្ឍទំនាក់ទំនងជាមួយចិន។ «វាជាគោលជំហរនៃគណបក្ស និងរដ្ឋាភិបាលរបស់យើងដើម្បីបន្តការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាង DPRK (សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ) និងចិន​ ស្របទៅតាមបុព្វហេតុប្រវត្តិសាស្ត្រជាយូរអង្វែងមកហើយ រួមទាំងសង្គមនិយមជាស្នូលរបស់ប្រទេសទាំង២»។ នេះជាការគូសបញ្ជាក់របស់លោក គីម។

តាមលោក គីម ជុងអ៊ុន កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងចិន ដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង២។

គួរបញ្ជាក់ថា ការផ្ញើសារអបអរសាទររបស់លោក គីម ជុងអ៊ុន ធ្វើឡើងបន្ទាប់លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់កូរ៉េខាងជើងជាទីដែលមេដឹកនាំទាំង២បានសន្យាពង្រឹងទំនាក់ទំនង ក្នុងបរិបទដែលទីក្រុងព្យុងយ៉ាងក៏កំពុងពង្រឹងទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅជាមួយរុស្ស៉ីផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *