World Cup 2026៖ Ronaldo សម្រក់ទឹកភ្នែកនៅថ្ងៃលាជម្រើសជាតិ គ្រាដែលគ្រូបង្វឹក Martinez ក៏ចាកចេញដែរ
(បរទេស)៖ ប្រធានក្រុម Cristiano Ronaldo បានស្រក់ទឹកភ្នែកនៅថ្ងៃព្យួរស្បែកជើងពីជម្រើសជាតិ ក្រោយពេលព័រទុយហ្គាល់ជ្រុះចេញពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោមថ្វីជើងរបស់គោជល់អេស្ប៉ាញនាយប់មិញ។
នេះមានន័យថា ចាប់ពីពេលនេះតទៅប្រិយមិត្តលែងបានឃើញ CR7 ក្នុងក្រុមបច្ចខែលព័រទុយហ្គាល់ទៀតហើយ នៅពេលអ្នកចាត់ការទូទៅក្រុមខ្លាំងអឺរ៉ុបមួយនេះ លោក Roberto Martinez សញ្ជាតិអេស្ប៉ាញ ក៏បានលាឈប់ពីតួនាទីនេះដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ទោះជាយ៉ាងណា ខ្សែប្រយុទ្ធវ័យជាង ៤១ឆ្នាំរូបនេះ នៅបន្តលេងក្នុងក្លិបអាជីព Al Nassr ស្ថិតក្នុងលីគកំពូលអារ៉ាប៊ីសាអូឌីត ក្នុងគោលដៅរកឱ្យបាន ១,០០០គ្រាប់ (១ពាន់គ្រាប់) ទាំងក្នុងក្លិប និងជម្រើសជាតិ មុនពេលចូលនិវត្តន៍ពីកីឡាករអាជីពជាផ្លូវការ ដ្បិតបច្ចុប្បន្នរកបាន ៩៧៦គ្រាប់ហើយ។
Ronaldo អតីតម្ចាស់ពានបាល់មាស Ballon dÓr ៥ដង និងពានអឺរ៉ុប UEFA Champions League ៥ដងដែរនោះ បានរួមចំណែកជួយព័រទុយហ្គាល់ស្កាល់រសជាតិពាន Euro ១លើកជាប្រវត្តិសាស្រ្តរបស់ពួកគេកាលឆ្នាំ២០១៦ នៅប្រទេសបារាំង តាមរយៈយកឈ្នះម្ចាស់ផ្ទះមាន់គកដោយលទ្ធផល ១-០ នៃម៉ោងថែម ១៥នាទី ២ដង។
លើសពីនេះទៀត Ronaldo ដែលធ្លាប់លេងនៅក្លិប Sporting Lisbon, Manchester United, Real Madrid និង Juventus ផងនោះ បានរួមចំណែកជួយក្រុមបច្ចខែលមួយនេះឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ World Cup 2006 នៅអាល្លឹម៉ង់ ដែលជាការបង្ហាញខ្លួនលើកដំបូងរបស់គេ ក្នុងចំណោម ៦លើកជាប់ៗគ្នា និងអាចរកបានគ្រាប់បាល់ទាំង ៦សម័យកាលនោះដែរ៕






