តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃចំនួន៥វត្ត នៅខេត្តក្រចេះ
ក្រចេះ៖ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ចច នៃរដ្ឋសភា និងឯកឧត្តមបណ្ឌិត សុខ សាវ៉ាត ទីប្រឹក្សាផ្ទាល់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃដែលគង់ចាំវស្សានៅវត្តចំនួន ៥ ស្ថិតក្នុងឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
នៅក្នុងឱកាសនោះ ឯកឧត្តម សរ ចំរុង បានអុជធូបទៀន និងថ្វាយផ្កាភ្ញី ដើម្បីរំលឹកដល់គុណបុណ្យព្រះរតនត្រ័យទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន វីរយុទ្ធជនស្នេហាជាតិ និងញាតកាទាំង ៧សណ្ដាន ដែលបានចែកឋានទៅកាន់បរលោក សូមឲ្យបានទៅសោយសុខក្នុងទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ទេយ្យទានដែលជាសទ្ធាជ្រះថ្លារបស់ ឯកឧត្តម សរ ចំរុង សម្រាប់ប្រគេនព្រះសង្ឃ វត្តទាំង ៥ នោះ ក្នុងមួយវត្តៗទទួលបាន៖ ទៀនព្រះវស្សា ១គូ អង្ករ១០០គីឡូក្រាម មី៥កេស ទឹកបរិសុទ្ធ៥កេស ត្រីខ ១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ស្ករស ១គីឡូក្រាម ទឹកដោះគោ ១០កំប៉ុង និងបច្ច័យ ២០ម៉ឺនរៀល។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានឧបត្ថម្ភថវិកាជូនដល់យាយជី និងតាជីចំនួន ៥៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន ២០,០០០រៀល ផងដែរ។
សូមជម្រាបជូនថា ពិធីបុណ្យចូលព្រះវស្សា គឺជាបុណ្យប្រពៃណីមួយដែលមានសារៈសំខាន់ខ្លាំងក្នុងព្រះពុទ្ធសាសនា ហើយជាពេលវេលាដ៏ថ្លៃថ្លាសម្រាប់ភិក្ខុសង្ឃ និងសាមណេរ សិក្សារៀនសូត្រធម៌វិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ ពុទ្ធសាសនិកជនតែងតែនាំយកសាដក អង្ករ ភេសជ្ជៈ និងទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ ពិធីបុណ្យចូលព្រះវស្សាតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ៕








