នាវាដឹកអ្នកដំណើរ ឆាបឆេះកណ្តាលសមុទ្រឥណ្ឌូណេស៊ី ស្លាប់៥នាក់ និងបាត់ខ្លួន៤១នាក់
នាវាដឹកអ្នកដំណើរមួយគ្រឿង បានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅលើដែនសមុទ្រឥណ្ឌូណេស៊ី បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៥នាក់ និង ៤១នាក់ផ្សេងទៀត កំពុងបាត់ខ្លួន កាលពីថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០២៦។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters មុនកើតហេតុ នាវាដែលមានឈ្មោះថា KMP Mutiara Sentosa 2 បានផ្ទុកមនុស្សសរុបយ៉ាងហោចណាស់ ២៥០នាក់ ដោយបានចាកចេញពីទីក្រុង Surabaya ឆ្ពោះទៅកាន់ទីក្រុង Makassar។ ភ្លើងបានចាប់ផ្តើមឆេះយ៉ាងខ្លាំង នៅពេលដែលនាវាកំពុងធ្វើដំណើរនៅក្បែរកោះ Madura ដែលធ្វើឱ្យអ្នកដំណើរទាំងអស់គ្នា មានការភ័យស្លន់ស្លោជាខ្លាំង។
ទីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិឥណ្ឌូណេស៊ី (Basarnas) បានឱ្យដឹងថា គ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងនៅចន្លោះម៉ោង ៦ និងម៉ោង ៧ព្រឹក។ ស្ថានភាពនៅលើនាវា គឺពោរពេញដោយភាពច្របូកច្របល់ ខណៈដែលអណ្តាតភ្លើង បានហុយទ្រលោមខ្មួលខ្មាញ់។
ដោយសារតែអណ្តាតភ្លើងបានឆាបឆេះស្ទើរតែទាំងស្រុង អ្នកដំណើរខ្លះគ្មានជម្រើសក្រៅពីសម្រេចចិត្តលោតចុះទៅក្នុងទឹកសមុទ្រ ដើម្បីគេចពីអណ្តាតភ្លើងដ៏សាហាវនោះទេ។ កម្លាំងសមត្ថកិច្ច និងក្រុមសង្គ្រោះ បានប្រញាប់ប្រញាលចុះជួយអន្តរាគមន៍ភ្លាមៗ ដោយបានបោះពោងសុវត្ថិភាព និងប្រើប្រាស់កាណូត ដើម្បីជួយសង្គ្រោះអ្នកដែលកំពុងបណ្តែតខ្លួនក្នុងសមុទ្រឡើងមកលើកប៉ាល់សុវត្ថិភាពវិញ។ រហូតមកទល់ពេលនេះ មូលហេតុពិតប្រាកដ ដែលនាំឱ្យមានការឆាបឆេះនាវានេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈដែលប្រតិបត្តិការស្វែងរកជនរងគ្រោះ ដែលកំពុងបាត់ខ្លួននៅតែបន្តធ្វើឡើងយ៉ាងសកម្ម៕


