Narathiwat ទៀតហើយ! ក្រុមផ្តាច់ខ្លួន បង្កៃគ្រាប់បែកក្នុងរថយន្តមន្ត្រីរាជការថៃ រួចបំផ្ទុះ ធ្វើឲ្យចលាចល
ភាគខាងត្បូងប្រទេសថៃ កើតមានការវាយប្រហារសាហាវទៅៗ ហើយកើតរាល់ថ្ងៃ ជាពិសេសកំណត់គោលដៅលើយោធា ប៉ុន្តែចុងក្រោយនេះ ក្រុមផ្តាច់ខ្លួន បានបង្កៃគ្រាប់បែកក្នុងរថយន្តមន្ត្រីរាជការក្នុងខេត្ត Narathiwat ហើយបំផ្ទុះ បង្កភាពចលាចល កាន់តែខ្លាំង។
តាមការផ្សាយរបស់ Amarin TV, ការវាយប្រហារចុងក្រោយនេះ កើតនៅម៉ោង ៦ល្ងាច ថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ ក្នុងឃុំ Dusongnyo នៃស្រុក Chanae ដោយគ្រាប់បែក ត្រូវបានបង្កៃក្នុងរថយន្តម៉ាក ISUZU មួយគ្រឿង ដែលជាកម្មសិទ្ធរបស់មន្ត្រីរាជការថៃ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានសេចក្តីរាយការណ៍អំពី មនុស្សបាត់បង់ជីវិត និងរងបួសទេ ហើយកងកម្លាំងថៃ បានប្រកាសនិងព្រមាន ដល់ពលរដ្ឋឲ្យចៀសវាងតំបន់នោះសិន កុំទាន់ចូលទៅ ដើម្បីសុវត្ថិភាព។
អំពើហិង្សានៅភាគខាងត្បូងថៃ ធ្ងន់ធ្ងរខ្លាំងណាស់ ឈានដល់កម្រិតប្រកាសអាសន្នហើយ។ រឿងធំបំផុតគឺកាលពីសប្តាហ៍មុន ដែលក្រុមផ្តាច់ខ្លួន បើកការបាញ់រះ និងគប់គ្រាប់បែក នៅប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ Bukeh Sami ក្នុងស្រុក Rangae នៃខេត្តនេះ បណ្តាលឲ្យទាហានថៃ ៥នាក់ស្លាប់ភ្លាមៗ ចំណែកជនស៊ីវិល ៥នាក់ទៀតត្រូវរបួស ក្នុងនោះមានទាំងកុមារ អាយុចន្លោះ ១០-១៥ឆ្នាំ ទៀតផង។
ដោយសារសភាពការណ៍ ធ្ងន់ធ្ងរខ្លាំង ថៃ ក៏ប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅខេត្តនេះ ហើយតាមប្រមាញ់ មេក្រុមផ្តាច់ខ្លួន ថែមទាំងប្រកាស ផ្អាកកិច្ចចរចាសន្តិភាព ដោយមិនកំណត់ពេល។
ក្រោយមកក៏មានការវាយប្រហារជាបន្តបន្ទាប់ មកដាច់ ហើយបានរាលដាលដល់ខេត្តផ្សេងៗទៀត ដូចជា Yala និង Pattani ផងដែរ៕


