ឡេតូនីបាញ់ទម្លាក់ដ្រូនក្នុងដែនអាកាសរបស់ខ្លួន រីឯហ្វាំងឡង់រឹតត្បិតផ្នែកខ្លះនៃសមុទ្របាល់ទិក

admin By admin August 14, 2026

(Reuters)៖ កងកម្លាំងប្រដាប់អាវុធនៃប្រទេសឡេតូនី បានឱ្យដឹងក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ថាយន្ដហោះចម្បាំងនៅក្រោមបេសកកម្មការពារដែនអាកាសរបស់ NATO បានបាញ់ទម្លាក់ដ្រូនមួយគ្រឿង ដែលបានហោះចូលក្នុងដែនអាកាសឡេតូនីដែលជាសមាជិក NATO និងសហភាពអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កងកម្លាំងប្រដាប់អាវុធឡេតូនី ក៏បានដំឡើងកម្រិតប្រកាសអាសន្ននៃការគំរាមកំហែងតាមផ្លូវអាកាសសម្រាប់តំបន់ដែលស្ថិតនៅក្បែររុស្ស៉ីផងដែរ។ ហ្វាំងឡង់ឯណោះវិញដែលជាសមាជិក NATO និងសហភាពអឺរ៉ុបដែលមានព្រំដែនជាប់ជាមួយរុស្ស៉ីដែរនោះ បានដាក់ចេញការរឹតត្បិតជាបណ្ដោះអាសន្នសម្រាប់ការហោះហើរ និងការធ្វើនាវាចរក្នុងតំបន់ឈូងសមុទ្រភាគខាងកើតនៃប្រទេសហ្វាំងឡង់ ជាវិធានការបង្ការការពារប្រឆាំងនឹងការគំរាមកំហែងពីដ្រូន។ ភ្លាមៗ កងកម្លាំងប្រដាប់អាវុធឡេតូនី មិនបានផ្ដល់ព័ត៌មានលម្អិត ឬបញ្ជាក់ថាតើ ដ្រូនខាងលើមានប្រភពមកពីណានោះទេ។

បណ្ដាប្រទេសក្បែរខាងរុស្ស៉ី និងអ៊ុយក្រែន បានប្រកាសអាសន្នផ្លូវអាកាស និងបាញ់ទម្លាក់ដ្រូន ជាច្រើនលើករួចមកហើយ ខណៈទីក្រុងមូស្គូ និងទីក្រុងកៀវ បន្តវាយប្រហារដាក់គ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីរុស្ស៉ី កាលពីយប់ថ្ងៃព្រហស្បតិ៍ រុស្ស៉ីក៏បានបាញ់ទម្លាក់ដ្រូន ១៥គ្រឿងនៅក្នុងតំបន់ Leningrad ដែលស្ថិតនៅក្បែរហ្វាំងឡង់ និងអេស្ដូនីផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *