លោក អានុទីន ស្តីឲ្យអ្នកសែតថា «មិនបានមើលរូបថតទេឬ?» ពេលសួរអំពី «អាម៉េរិកដាក់សម្ពាធឬអត់?»
ក្រោយដំណើរទស្សនកិច្ចទើបបញ្ចប់របស់អនុរដ្ឋមន្ត្រីការពាជាតិអាមេ៉រិក Elbridge Colby កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល នៅតែរងការចោទសួរពីអ្នកសារព័ត៌មានថៃអំពីលទ្ធភាពដែលរដ្ឋាភិបាលថៃ អាចទទួលសម្ពាធពីសហរដ្ឋអាម៉េរិកជុំវិញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
នៅមុនការធ្វើដំណើរចេញទៅប្រទេសអូស្ត្រាលី និង នូវែលសេឡង់ លោក អានុទីន ត្រូវបានអ្នកកាសែតថៃចោទសួរថា «ការដែលអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិកមកជួបថៃញឹកញាប់ តើមានសម្ពាធអ្វីដែរឬទេ?។ នេះបើយោងការចេញផ្សាយរបស់សារព័ត៌មាន The Standard ជាភាសាថៃ។
នៅពេលឆ្លើយសំណួរនេះ នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល បានលើកឡើងថា៖ «គ្មានទាល់តែសោះ»។ មិនត្រឹមតែប៉ុណ្ណឹងទេ លោក អានុទីន បានចម្អកឲ្យអ្នកកាសែតវិញថា៖«មិនបានមើលរូបថតទេឬ?
តាមការចេញផ្សាយនោះ លោក អានុទីន ថែមទាំងលើកឡើងថា៖«បរិយាកាសទាំងមូលគឺពេញដោយការកោតសរសើរនៃកិច្ចសហប្រតិបត្តិការ។ ហេតុអ្វីបានជាថាគាត់មកដាក់សម្ពាធ? គឺគ្មានទាល់តែសោះ។ ពួកយើងជួបគ្នា និយាយគ្នាលេង និងហៅឈ្មោះក្រៅ (Nickname) គ្នាទៀតផង។ ខ្ញុំហៅលោក រដ្ឋមន្ត្រី ឯគាត់ហៅ [ខ្ញុំថា] Mr. Prime Minister ហើយខ្ញុំក៏ប្រាប់ថា Call me Noo (ហៅខ្ញុំថា នូ)»។
អនុរដ្ឋមន្ត្រីការពាជាតិអាមេ៉រិក Elbridge Colby បំពេញទស្សនកិច្ចនៅប្រទេសថៃកាលថ្ងៃទី១៣ខែសីហា រួចក៏បន្តដំណើរទៅកាន់ប្រទេសកម្ពុជា ដើម្បីជួបប្រមុខដឹកនាំកម្ពុជា រួមទាំងថ្នាក់ដឹកនាំកំពូលៗនៃក្រសួងការពារជាតិ។ មុនដំណើរទស្សនកិច្ចនោះបានចាប់ផ្តើម សារព័ត៌មានថៃជាច្រើន បានផ្សាយអំពីលទ្ធភាពដែលរដ្ឋាភិបាលសហរដ្ឋអាម៉េរិកដាក់សម្ពាធលើរដ្ឋាភិបាលថៃតាមរយៈការតម្លើងពន្ធ ហើយ រដ្ឋាភិបាលថៃ របស់លោក អានុទីន ក៏មានផែនការកាត់បន្ថយកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធាជាមួយសហរដ្ឋអាមេ៉រិក ជាពិសេស រឿងសន្តិសុខ ការហ្វឹកហ្វឺន Cobra Gold ដើម្បីដាក់សម្ពាថអាម៉េរិកវិញដែលដាក់ការយកពន្ធគយខ្ពស់សម្រាប់ប្រទេសថៃ។
រដ្ឋាភិបាលថៃរបស់លោក អានុទីន គ្រោងបញ្ជូនមន្ត្រីរបស់ខ្លួនទៅចរចាជាមួយសហរដ្ឋអាម៉េរិកចំពោះការតម្លើងពន្ធគយថ្មីរហូតដល់១២,៥% នៅចុងខែសីហានេះ៕


