នគរបាលស្រុកកំពង់ត្រាច ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជន៣នាក់ ពាក់ព័ន្ធករណីកាប់ដើមត្នោត៧ដើម
កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ខេត្តកំពត បានធ្វើការឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជនទូកមាសចំនួន ៣នាក់ ពាក់ព័ន្ធករណីកាប់ដើមត្នោតចំនួន ៧ដើម ដែលដាំអមសងខាងផ្លូវចូលវត្តអង្គជុំព្រៃទប់ ដែលមានអាយុកាលប្រមាណជាង ១៧០ឆ្នាំ ដោយពុំមានការអនុញ្ញាតពីអាជ្ញាធរ ក្នុងឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ការឃាត់ខ្លួននេះធ្វើឡើងនៅពេលក្រុមបុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជនចូលខ្លួនមកដោះស្រាយជាមួយគណៈកម្មការអាចារ្យវត្ត និងព្រះចៅអធិការវត្តអង្គជុំព្រៃទប់កាលពីវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
បើយោងតាមប្រភពព័ត៌មានក្នុងមូលដ្ឋាន បានឱ្យដឹងថា ករណីនេះត្រូវបានចាត់ទុកជាលើកដំបូង ដែលមានការអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងការជំរុញឱ្យមានការដោះស្រាយជាក់ស្តែង នៅក្នុងនោះ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច ក៏បានចូលរួមដោះស្រាយដោយផ្ទល់ និងបានចាត់ចែងក្រុមការងារតាមដានផងដែ។
ប្រជាពលរដ្ឋជាច្រើនបានសម្តែងការសាទរ ចំពោះវិធានការរបស់អាជ្ញាធរ ដោយបានលើកឡើងថា កន្លងមកខាងក្រុមហ៊ុនឯកជនអគ្គិសនីទូកមាសធ្លាប់បានអារដើមដូង ដើមត្នោត និងផលដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋជាច្រើនករណី ខណៈប្រជាពលរដ្ឋមួយចំនួនបានអះអាងថា មិនទទួលបានការជូនដំណឹង ឬគោលការណ៍ណាមួយច្បាស់លាស់ជាមុននោះឡើយ។
បច្ចុប្បន្ននេះត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចបាននិងកំពុងបន្តនីតិវិធី និងស្រាវជ្រាវបន្ថែមទៅលើករណីកាប់ដើមត្នោតផ្លូវចូលវត្តអង្គជុំព្រៃទប់ ដើម្បីចាត់ការតាមផ្លូវច្បាប់៕








