រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យផ្លូវជនបទចំនួន ៣ខ្សែ ដែលរងការខូចខាត នៅខេត្តត្បូងឃ្មុំ

admin By admin August 26, 2026

(ត្បូងឃ្មុំ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស និងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ចុះពិនិត្យជាក់ស្តែងស្ថានភាពផ្លូវជនបទចំនួន ៣ខ្សែ ដែលជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងកំពុងរងការខូចខាតធ្ងន់ធ្ងរ និងត្រូវជួលជុលបន្ទាន់ស្ថិតក្នុងខេត្តត្បូងឃ្មុំ។

ផ្លូវទាំង ៣ខ្សែដែលបានចុះពិនិត្យរួមមាន៖
ខ្សែទី១៖ ឈ្មោះផ្លូវភូមិខ្នុរ-ស្រែវែង មានប្រវែង ២២គីឡូម៉ែត្រ តភ្ជាប់ពីភូមិខ្នុរ ឃុំនាងទើត ទៅភូមិស្រែវែង ឃុំទឹកជ្រៅ និងបន្តទៅរមណីយដ្ឋានទឹកធ្លាក់ហោង នៃភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្សែផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៧ ៤១៤គ្រួសារ ស្មើនឹង ៣០ ៧៤៦នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៥៩ ០៥២គ្រួសារ ស្មើនឹង ២៥៤ ២១៨នាក់។ ផ្លូវមួយខ្សែនេះ ត្រូវបានស្ថាបនាក្នុងឆ្នាំ២០១៩ ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហាន២។

ខ្សែទី២៖ ឈ្មោះផ្លូវ ចុងជាច-បង្ហើរខ្លែង មានប្រវែង ១១គីឡូម៉ែត្រ តភ្ជាប់ពីទីប្រជុំជន ឃុំចុងជាច ទៅភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៧ ១៨៤គ្រួសារ ស្មើនឹង ២២ ៨៨៨នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ២១ ៥៨៣គ្រួសារ ស្មើនឹង ៩៥ ១៩២នាក់។ ផ្លូវមួយខ្សែនេះ ត្រូវបានស្ថាបនាជាពហុឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ដោយនាយកដ្ឋានផ្លូវជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ។

ខ្សែទី៣៖ ឈ្មោះផ្លូវ ស្ទឹង-គោកចារ មានប្រវែង២២,៦៥គីឡូម៉ែត្រ តភ្ជាំប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ទៅភ្ជាប់នឹងផ្លូវជាតិលេខ៧៣ ត្រង់ភូមិគោកចារ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៩ ៧១៥គ្រួសារ ស្មើនឹង ៤៣ ៨៦០នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៦០ ០៦៨គ្រួសារ ស្មើនឹង ២៥៧ ៧៥៥នាក់។ ផ្លូវមួយខ្សែនេះ ត្រូវបានស្ថាបនាជាពហុឆ្នាំ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ដោយកងវិស្វកម្មក្រសួងការពារជាតិ ក្រោមអាណាប័កក្រសួងអភិវឌ្ឍន៍ជនបទ។

គួរជម្រាបជូនដែរថា លោករដ្ឋមន្ដ្រី ដឹកនាំមន្ដ្រីបច្ចេកទេសអញ្ជើញចុះត្រួតពិនិត្យផ្លូវនាឱកាសនោះ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងនូវ ទំហំនៃការទទួលរងការខូចខាត ដែលបង្កផលវិបាកដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។ តាមរយៈការចុះពិនិត្យជាក់ស្ដែង លោករដ្ឋមន្ដ្រី បានចង្អុលបង្ហាញដល់នាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ពិនិត្យលទ្ធភាពដាក់បញ្ចូលខ្សែផ្លូវទាំង ៣ខ្សែនេះ ទៅក្នុងផែនការស្ដារឡើងវិញ ឬផែនការថែទាំខួប ផ្អែកតាមស្ថានភាពជាក់ស្តែងនាឆ្នាំបន្ទាប់ របស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

Leave a Reply

Your email address will not be published. Required fields are marked *