អាជ្ញាធរខេត្តពោធិ៍សាត់ ចាត់ទុកការផ្សព្វផ្សាយករណី​លួចប្រេងនៅផ្លូវជាតិលេខ៥ ជាព័ត៌មានមិនពិត និងជាឧបាយកលរបស់ក្រុមបំពុលសង្គម

admin By admin August 28, 2026

នាយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខេត្ត និងក្រុង-ស្រុក ចុះពិនិត្យស្រាវជ្រាវដោយផ្ទាល់ តាមដងផ្លូវជាតិលេខ៥ ដើម្បីស្វែងរកការពិតជុំវិញការចោទប្រកាន់ថា រថយន្តដឹកទំនិញ (ឡានខ្សែ) ដែលឈប់សម្រាកនៅខេត្តពោធិ៍សាត់ តែងតែត្រូវគេលួចបាត់ប្រេង។

ប្រតិបត្តិការទាំងអធ្រាត្រនេះ ធ្វើឡើងចាប់ពីកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ស្រុកក្រគរ និងស្រុកបាកាន ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមពីករណីមានជនសង្ស័យលួចបូមប្រេងចេញពីរថយន្ដដឹកទំនិញជាបន្តបន្ទាប់ ខណៈអាជ្ញាធរខេត្តអះអាងថា ការផ្សព្វផ្សាយនេះ គឺជាការញុះញង់ បង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់។

ថ្លែងក្នុងឱកាសចុះពិនិត្យផ្ទាល់ លោក ខូយ រីដា បានគូសបញ្ជាក់ថា ក្រោយពីក្រុមការងារបានចុះសាកសួរតៃកុងឡានខ្សែជាច្រើនរូប លទ្ធផលបង្ហាញថា តៃកុងឡានមួយចំនួនតូចបានបញ្ជាក់ថា ធ្លាប់បាត់ប្រេងក្នុងអំឡុងពេលសាងសង់ផ្លូវជាតិលេខ៥ ប៉ុន្តែភាគច្រើនបំផុតបានអះអាងថា មិនដែលជួបប្រទះបញ្ហាបាត់ប្រេងនោះឡើយ។ ដោយឡែក តៃកុងឡានដែលជាអ្នកស្រុក ពោលគឺនៅឃុំបឹងខ្នារ ស្រុកបាកានផ្ទាល់ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគាត់មិនដែលជួបប្រទះបញ្ហាបាត់ប្រេង សូម្បីតែមួយដង ទោះបីជាទុកឡានចោលក៏ដោយ។

ទោះបីយ៉ាងណា អាជ្ញាធរខេត្តបានដាក់ចេញនូវវិធានការរៀបចំទីកន្លែងឈប់សម្រាកប្រកបដោយសុវត្ថិភាពតាមដងផ្លូវ ដែលមានកងកម្លាំងមានសមត្ថកិច្ចឈរជើងការពារ និងចាំជួយអន្តរាគមន៍ជូនអ្នកដំណើរគ្រប់ពេលវេលា។

ក្រោយពីចុះស្រាវជ្រាវ អាជ្ញាធរខេត្តពោធិ៍សាត់ ចាត់ទុកការចោទប្រកាន់ភាគច្រើន ជាព័ត៌មានមិនពិត និងជាឧបាយកលរបស់ក្រុមបំពុលសង្គម តែទោះបីយ៉ាងនេះក្ដី គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅតែបន្តដាក់ចេញនូវវិធានការតឹងរ៉ឹងបន្ថែមទៀត ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនដល់អ្នកដំណើរ និងប្រជាពលរដ្ឋគ្រប់រូប ដែលធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រខេត្តពោធិ៍សាត់៕

Leave a Reply

Your email address will not be published. Required fields are marked *