រដ្ឋបាលស្រុកឯកភ្នំ ប្រកាសឲ្យពលរដ្ឋនៅឃុំចំនួន៤ តាមដងស្ទឹងសង្កែ ប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកកំពុងហក់ឡើងខ្លាំង

admin By admin August 31, 2026

រដ្ឋបាលស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣១សីហានេះ បានប្រកាសឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែ ក្នុងឃុំចំនួន៤ រួមមានឃុំសំរោងក្នុង ឃុំព្រែកនរិន្ទ ឃុំព្រែកខ្ពប និងឃុំព្រែកហ្លួង ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះទឹកជំនន់ ខណៈទឹកស្ទឹងសង្កែបាននិងកំពុងហក់ឡើងខ្លាំង។ ក្នុងស្ថានភាពទឹកស្ទឹងកំពុងហក់ខ្លាំង រដ្ឋបាលស្រុកឯកភ្នំ ក៏បានណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកុមារ និងសម្ភារៈផ្សេងៗ។

ទន្ទឹមការប្រកាសឲ្យប្រុងប្រយ័ត្ន រដ្ឋបាលស្រុកឯកភ្នំ ក៏បានប្រកាសការផ្អាកចរាចរណ៍លើរថយន្ដដឹកទំនិញធនធ្ងន់គ្រប់ប្រភេទដែលប្រើប្រាស់ផ្លូវខេត្តលេខ១៥៦ ទាំងអស់ត្រូវផ្អាកការធ្វើដំណើរឆ្លងកាត់មួយរយៈសិន ព្រោះផ្នែកខ្លះនៃផ្លូវនេះ ត្រូវទឹកហូរកាត់។

រដ្ឋបាលស្រុកប្រកាសថា ដើម្បីជៀសវាងការខូចផ្លូវ និងគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលស្រុកសូមផ្អាកការធ្វើដំណើរឆ្លងកាត់ សម្រាប់រថយន្តដឹកទំនិញគ្រប់ប្រភេទ ដែលមានទម្ងន់ធ្ងន់ មានដូចជា រថយន្តយីឌុប ដឹកសម្ភារៈសំណង់ រថយន្តដឹកស្រូវ រថយន្តដឹកដីជាដើម ដោយគិតចាប់ពីចំណុចគល់ស្ពានដូនទាវ រហូតដល់ចំណុចស្ពានព្រែកត្រប់ ភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ចំពោះការបើកដំណើរការឡើងវិញ រដ្ឋបាលស្រុក នឹងជូនដំណឹងនៅពេលក្រោយ។

រដ្ឋបាលស្រុក ក៏ព្រមានចាត់វិធានការឃាត់រថយន្តទុកជាបណ្ដោះអាសន្ន ជំពោះម្ចាស់រថយន្តធន់ធ្ងន់ទាំងអស់ ក្នុងករណីមិនអនុវត្តតាមការជូនដំណឹងនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *