បារី ចំនួន ១៣៥ ប៊ិច ត្រូវយោធាថៃចាប់បាននៅព្រំដែនខេត្តច័ន្ទបុរី
កម្លាំងយោធាថៃប្រចាំការតាមបណ្ដោយព្រំដែន ឈមនឹងខេត្តបាត់ដំបង បានស្ទាក់ចាប់អ្នករត់ពន្ធបារីខុសច្បាប់ចំនួន ១៣៥ ប៊ិច ដោយចាប់ខ្លួនមនុស្ស ៧ នាក់ និង រឹបអូសយានយន្ត ៣ គ្រឿង មុនពេលពួកគេត្រៀមដឹកជញ្ជូនទៅកាន់ខេត្តស្រះកែវ។
កាលពីវេលាម៉ោង ៣ និង ២០ នាទី ទៀបភ្លឺ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦ ថ្មីៗ នេះ ក្រុមការងារកងម៉ារីនច័ន្ទបុរី សហការជាមួយ ក្រុងកងម៉ារីនខេត្តត្រាត បានស្ទាក់ចាប់រថយន្តគួឲ្យសង្ស័យ ចំនួន ៣ គ្រឿង នៅក្នុងឃុំទេពនិមិត្ត ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី។
ជនសង្ស័យចំនួន ៧ នាក់ ត្រូវបានចាប់ខ្លួន និង រឹបអូសបារីបរទេសម៉ាកតិចសាសចំនួន ១៣៥ ប៊ិច។ ដំបូងឡើយ ជនសង្ស័យ បានសារភាពថា ខ្លួន ត្រូវបានគេជួលឲ្យដឹកជញ្ជូនបារីពីតំបន់ព្រំដែនប្រទេសកម្ពុជា ទៅកាន់ខេត្តស្រះកែវ ដោយបារីនេះ នាំចេញពីប្រទេសកម្ពុជា ឈមនឹងស្រុកកំរៀង ខេត្តបាត់ដំបង។
ជាលទ្ធផល នៃប្រតិបត្តិការនេះ មន្ត្រីយោធា បានចាប់ខ្លួនជនសង្ស័យចំនួន ៧ នាក់ រឹបអូសយានយន្ត ៣ គ្រឿង និង រឹបអូសបារីបរទេសម៉ាកតិចសាស ១៣៥ ប៊ិច។
បច្ចុប្បន្ននេះ ការស៊ើបអង្កេត កំពុងដំណើរការទាក់ទងនឹងការមិនមានការបង់ពន្ធ និង គ្មានឯកសារពាក់ព័ន្ធ។ នៅក្នុងសកម្មភាពនេះដែរ ក៏មានមជ្ឈដ្ឋានជាច្រើនបានចោទសួរថា ព្រំដែនបិទទាំងស្រុង តើហេតុអ្វីបានជាឈ្មួញនៅតែបន្តនាំបារីខុសច្បាប់ឆ្លងដែនចូលទៅប្រទេសថៃបានដោយរបៀបណា? តើនៅច្រកណាទៀតដែលគ្មានសមត្ថកិច្ចឈរជើង?
ក្នុងអំឡុងពេល នៃការស៊ើបអង្កេតដំបូង ជនសង្ស័យ បានសារភាពថា ខ្លួនត្រូវបានគេជួលឲ្យដឹកជញ្ជូនបារីពីតំបន់ព្រំដែនទៅកាន់ខេត្តស្រះកែវ។ បន្ទាប់មក សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទាំង ៧ នាក់ រួមនឹងយានយន្ត និង វត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីសាកសួរបន្ថែម និង កំណត់មុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕



