មនុស្ស៥នាក់ស្លាប់ និង៥នាក់របួស ក្រោយយន្តហោះដឹកទំនិញ១គ្រឿង រត់ហួសផុតផ្លូវពេលចុះចតនៅសហរដ្ឋអាមេរិក
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ មនុស្សយ៉ាងហោច៥នាក់ បានបាត់បង់ជីវិត នៅពេលយន្តហោះដឹកទំនិញ១គ្រឿង របស់ក្រុមហ៊ុន Amazon បានរត់ហួសផុតចេញពីផ្លូវចុះចត អំឡុងពេលវាចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Miami រួចជ្រុលទៅបុកជាមួយយានយន្តជាច្រើនគ្រឿង ហើយរងការឆាបឆេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អាជ្ញាធរប្រចាំតំបន់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រៅពីអ្នកស្លាប់៥នាក់ ក៏មានមនុស្ស៥នាក់ផ្សេងទៀត បានរងរបួសផងដែរ ក្នុងនោះ ៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ វីដេអូបានបង្ហាញឱ្យឃើញផ្សែងហុយទ្រលោមចេញពីយន្តហោះប្រភេទ Boeing 757 ពណ៌សលាយខៀវ ដែលបានមកដល់អាកាសយានដ្ឋានខាងលើ នាវេលាម៉ោង២រសៀល ម៉ោងក្នុងតំបន់នៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា បើតាមគណៈកម្មការជាតិសុវត្ថិភាពដឹកជញ្ជូនរបស់អាមេរិក NTSB យន្តហោះដឹកទំនិញនោះ បានធ្វើដំណើរមកពីទីក្រុង San Juan នៃតំបន់ Puerto Rico។ រីឯក្រុមហ៊ុន Amazon វិញ បានចេញសេចក្តីថ្លែងការណ៍ថា យន្តហោះនោះ បានជួបឧប្បត្តិហេតុមួយពេលព្យាយាមចុះចត ប៉ុន្តែមិនបានបញ្ជាក់ពីមនុស្សស្លាប់ឬរបួសទេ។ តាមសេចក្តីរាយការណ៍ព័ត៌មាន នៅលើយន្តហោះ មានមនុស្ស២នាក់ គឺម្នាក់ជាអាកាសយានិក និងម្នាក់ទៀតជាអាកាសយានិករង៕


