នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ចាកចេញពីប្រទេសថៃវិញ បន្ទាប់ពីចូលចតឱ្យទាហានសម្រាកលំហែអារម្មណ៍អស់ប៉ុន្មានថ្ងៃ

admin By admin September 7, 2026

បាងកក)៖ នាថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ ទាហានអាមេរិករាប់ពាន់នាក់ ដែលស្ថិតនៅលើនាវាផ្ទុកយន្តហោះចម្បាំង១គ្រឿង បានចាកចេញពីប្រទេសថៃវិញហើយ បន្ទាប់ពីការចូលចតនៅកំពង់ផែជាលើកដំបូង ក្រោយមានសេចក្តីរាយការណ៍ អំពីភាពអាប់អួខ្លាំងនៃស្ថានភាពរស់នៅលើនាវា បន្ទាប់ពីនាវានោះ ធ្វើប្រតិបត្តិការនៅលើផ្ទៃសមុទ្រអស់រយៈពេល ៩ខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

នាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln ដែលមាននាវិកនិងកងម៉ារីនប្រហែល៥០០០នាក់ បានចូលចតនៅភាគខាងជើងទីក្រុងទេសចរណ៍ Pattaya ក្បែររាជធានីបាងកក កាលពីថ្ងៃពុធសប្តាហ៍នេះ ដើម្បីសម្រាកនិងកម្សាន្តរយៈពេល៥ថ្ងៃ បន្ទាប់ពីបំពេញបេសកកម្មរយៈពេលដ៏យូរ នៅតំបន់មជ្ឈិមបូព៌ា ក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ជាមួយអ៉ីរ៉ង់។

ក្នុងអំឡុងរដូវទេសចរណ៍មិនសូវសកម្មរបស់ប្រទេសថៃ ការមកដល់របស់ទាហានអាមេរិក បានបង្កើនក្តីសង្ឃឹមដល់អាជីវកម្មនៅទីក្រុង Pattaya ដែលល្បីល្បាញដោយសារឆ្នេរសមុទ្រ និងកន្លែងកម្សាន្តពេលរាត្រី ព្រមទាំងត្រូវគេស្គាល់ច្បាស់ផងដែរ ជាមជ្ឈមណ្ឌលទេសចរណ៍ផ្លូវភេទ។ នាវា Lincoln ត្រូវបានប្រទះឃើញ ចាកចេញពីកំពង់ផែ Laem Chabang ដែលស្ថិតនៅចម្ងាយប្រហែលកន្លះម៉ោងនៃការធ្វើដំណើរតាមរថយន្តពី Pattaya កាលពីម៉ោងប្រហែល១១ព្រឹក។

ក្នុងអំឡុងទស្សនកិច្ចខាងលើ សន្តិសុខនៅ Pattaya ត្រូវបានរឹតបន្តឹង ហើយអាជ្ញាធរថៃ បានបង្ក្រាបលើអ្នកប្រកបរបររកស៉ីផ្លូវភេទ មុនពេលក្រុមនាវិកអាមេរិក មកដល់។ ទោះជាយ៉ាងណា អភិបាលក្រុងបានបដិសេធថា វិធានការនេះមិនពាក់ព័ន្ធនឹងការមកដល់របស់ទាហានអាមេរិកឡើយ។ អភិបាលក្រុង Pattaya លោក Poramase Ngampiches បានឱ្យដឹងនាថ្ងៃអាទិត្យនេះថា ទាហានអាមេរិកត្រូវប៉ាន់ប្រមាណថា បានចំណាយប្រាក់សរុបរហូតដល់ ១០០លានបាត ប្រហែល ៣លានដុល្លារ ក្នុងអំឡុងពេលស្នាក់នៅប៉ុន្មានថ្ងៃមកនេះ។

បើតាមលោក Poramase លើសពីនេះ ទីក្រុង Pattaya ក៏ទទួលបានអត្ថប្រយោជន៍ពីការលក់សម្ភារៈផ្គត់ផ្គង់ផ្សេងៗ ដូចជាថ្នាំដុសធ្មេញទៅឱ្យនាវា Abraham Lincoln ផងដែរ ដែលមានតម្លៃរាប់លានបាត ឬស្មើនឹងរាប់ម៉ឺនដុល្លារ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា នាវិកនិងកងម៉ារីននៅលើនាវា Lincoln បានជួបបញ្ហាខ្វះខាតរសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃទូទៅមួយចំនួន ដូចជាថ្នាំដុសធ្មេញ ថ្នាំបំបាត់ក្លិនខ្លួន និងសាប៊ូ ជាដើម នៅអំឡុងពេលខ្លះនៃបេសកកម្មរបស់ពួកគេ។ លោកអភិបាល បាននិយាយថា នាវិកនិងទាហានម៉ារីនជាច្រើន បានចំណាយពេលវេលារបស់ពួកគេ ដើរទិញឥវ៉ាន់ និងទៅទស្សនាតំបន់ទេសចរណ៍។ លោកបាននិយាយដូច្នេះថា «វាបង្ហាញឱ្យឃើញថា ទាហានអាមេរិក ហាក់នឹកគ្រួសាររបស់ខ្លួន ហើយចង់ទិញវត្ថុអនុស្សាវរីយ៍សម្រាប់ពួកគេ»។

គួរបញ្ជាក់ថា កាលពីខែសីហា សមាជិកសភាអាមេរិកមកពីបក្សប្រជាធិបតេយ្យ បានអំពាវនាវឱ្យមានការស៊ើបអង្កេតចំពោះស្ថានភាពរស់នៅលើនាវា Lincoln បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការខ្វះស្បៀងអាហារ ប្រព័ន្ធបំពង់ទឹកខូច និងវិបត្តិសុខភាពផ្លូវចិត្ត។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការព្រួយបារម្ភទាំងនេះ ដែលបាននាំឱ្យកើនឡើងការរិះគន់ ចំពោះសង្គ្រាមអូសបន្លាយរបស់លោកជាមួយអ៉ីរ៉ង់។ នាវាផ្ទុកយន្តហោះចម្បាំង Abraham Lincoln ត្រូវបានជំនួសនៅតំបន់មជ្ឈិមបូព៌ា ដោយនាវាផ្ទុកយន្តហោះចម្បាំងមួយទៀត គឺ USS George Washington៕

Leave a Reply

Your email address will not be published. Required fields are marked *