ត្រាំ បង្ហោះរូប Ai គំរាមបាញ់កម្ទេចចោល កោះ Kharg របស់អ៊ីរ៉ង់
ជាថ្មីម្តងទៀត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញការព្រមានដល់អ៊ីរ៉ង់ ដោយលោកបានបង្ហោះរូបភាពមួយលើបណ្តាញសង្គម Truth Social គំរាមបាញ់កម្ទេចកោះ Kharg ចោលតែម្តង។
តាមរយៈការបង្ហោះ កាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោកត្រាំ បានប្រើរូបភាព Ai បង្ហាញពីយន្តហោះចម្បាំងអាមេរិក ហោះសំដៅទៅកោះមួយ ដែលកំពុងរងការបំផ្ទុះយ៉ាងខ្លាំង ហើយនៅផ្នែកខាងលើនៃរូបនោះ ថែមទាំងមានអក្សរសរសេរថា Bye Bye, Kharg «លាហើយកោះ Kharg» ទៀតផង។
ដ្បិតតែមិនលម្អិតអ្វីច្រើននៅក្នុងការបង្ហោះនោះ ប៉ុន្តែគេដឹងយ៉ាងច្បាស់ថា នេះជាសារគំរាមខ្លាំងៗ និងច្បាស់បំផុតរបស់លោក ត្រាំ ទៅអ៊ីរ៉ង់ ស្របពេលកម្តៅស្ថានការណ៍មជ្ឈិមបូព៌ា ចាប់ផ្ទុះឡើងសាជាថ្មី។
ជាក់ស្តែងការបង្ហោះនេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងអាមេរិក បាញ់ប្រហារកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ចំនួន ៣គ្រឿង ក្នុងនោះ ក៏មានមួយគ្រឿងផងដែរ ដែលស្ថិតនៅក្បែរកោះ Kharg នេះ។
កោះ Kharg គឺជាកោះយុទ្ធសាស្ត្រ ដ៏សំខាន់មួយរបស់អ៊ីរ៉ង់ ដែលស្ថិតនៅក្នុងឈូងសមុទ្រពែរ្ស និងជាមជ្ឈមណ្ឌលនាំចេញប្រេងឆៅដ៏ធំបំផុត របស់ប្រទេសនេះ ពោលគឺគ្រប់គ្រង និងដំណើរការរហូតដល់ទៅ ៩០% នៃការនាំចេញប្រេងសរុប របស់អ៊ីរ៉ង់ឯណោះ។
កោះនេះមានផ្ទៃដីប្រមាណ ២០ គីឡូម៉ែត្រការ៉េ ហើយនៅជុំវិញវា មានជម្រៅទឹកជ្រៅខ្លាំង ដែលអនុញ្ញាតឱ្យនាវាដឹកប្រេងខ្នាតយក្ស អាចចូលចត និងផ្ទុកប្រេង បានយ៉ាងងាយស្រួល ខណៈតំបន់ឆ្នេរដីគោករបស់អ៊ីរ៉ង់ភាគច្រើន មានទឹករាក់មិនអាចឱ្យនាវាធំៗចូលចត បានឡើយ។
អ្វីដែលកាន់តែពិសេសគឺថា កោះនេះ មានបណ្តាញបំពង់បង្ហូរប្រេង និងឃ្លាំងប្រេងដ៏ធំ ដែលអាចផ្ទុកប្រេងបានរហូតដល់ ៣០ លានបារ៉ែល។ ដូច្នេះហើយ ទើបវាក្លាយជាទីតាំងយុទ្ធសាស្រ្តដ៏សំខាន់ ក្នុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់ ពេលនេះ៕

