ស៊ុយអែត ទិញប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ HIMARS ពីអាមេរិក ក្នុងតម្លៃជិត ៧៣០លានដុល្លារ
(ស្តុកខុល)៖ រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pål Jonson បានប្រកាសនៅថ្ងៃចន្ទនេះថា ប្រទេសស៊ុយអែតបានសម្រេចទិញប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំ HIMARS ពីក្រុមហ៊ុនអាមេរិក Lockheed Martin ក្នុងតម្លៃប្រមាណ ៧ពាន់លានក្រូន (ស្មើនឹងជិត ៧៣០លានដុល្លារអាមេរិក)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
កិច្ចព្រមព្រៀងនេះ រួមបញ្ចូលទាំងការទិញប្រព័ន្ធបាញ់រ៉ុក្កែត HIMARS ចំនួន ១០គ្រឿង ព្រមទាំងគ្រាប់រំសេវ ដោយការប្រគល់គ្រោងនឹងចាប់ផ្តើមពីឆ្នាំ២០២៧ ខាងមុខ។ ចំណែកគ្រាប់រំសេវសម្រាប់ប្រព័ន្ធនេះ នឹងត្រូវផលិតនៅក្នុងប្រទេសស៊ុយអែតផ្ទាល់ ដោយក្រុមហ៊ុនក្នុងស្រុក Saab សហការជាមួយក្រុមហ៊ុន Lockheed Martin។
គួរបញ្ជាក់ថា ការបញ្ជាទិញអាវុធទំនើបនេះ ធ្វើឡើងស្របពេលដែលស៊ុយអែតកំពុងបង្កើនថវិកាការពារជាតិ និងពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួន ក្រោយពេលចូលជាសមាជិកអង្គការណាតូ (NATO) ចំពេលសន្តិសុខនៅអឺរ៉ុបនៅតែបន្តមានភាពមិនច្បាស់លាស់៕
