ជប៉ុន នឹងបញ្ជូនឧទ្ធម្ភាគចក្រ ៣គ្រឿង ជួយពន្លត់ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៉ី នៅចុងសប្តាហ៍នេះ

admin By admin September 9, 2026

(ហ្សាការតា)៖ មន្ត្រីការពារជាតិឥណ្ឌូណេស៉ី បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុននឹងបញ្ជូនឧទ្ធម្ភាគចក្រដឹកជញ្ជូនធុនធ្ងន់ CH-47 Chinook ចំនួន ៣គ្រឿង រួមជាមួយក្រុមការងារ ១៨០នាក់ មកជួយពន្លត់គ្រោះភ្លើងឆេះព្រៃនៅប្រទេសឥណ្ឌូណេស៉ី នៅចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។

ឧទ្ធម្ភាគចក្រទាំងនោះ នឹងត្រូវដាក់ពង្រាយនៅឯខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan) ដែលជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុត ដើម្បីចាប់ផ្តើមប្រតិបត្តិការជាផ្លូវការចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែកញ្ញា។ បច្ចុប្បន្ន កងទ័ពឥណ្ឌូណេស៉ីបានដាក់ពង្រាយកម្លាំងរាប់ពាន់នាក់ និងយន្តហោះជាង ៥០គ្រឿង ដើម្បីទម្លាក់ទឹកពន្លត់ភ្លើង និងបាញ់បង្អុរទឹកភ្លៀងសិប្បនិម្មិត ប៉ុន្តែបញ្ហាប្រឈមធំបំផុតគឺកង្វះខាតប្រភពទឹកសម្រាប់ពន្លត់។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃដែលបានអូសបន្លាយជាច្រើនខែមកនេះ បានបំផ្លាញផ្ទៃដីព្រៃឈើជិត ៧៧,០០០ហិកតា នៅលើកោះស៊ូម៉ាត្រា និងកោះ Borneo ព្រមទាំងបង្កជាផ្សែងអ័ព្ទពុលជះឥទ្ធិពលដល់ប្រទេសជិតខាង រួមមានសិង្ហបុរី និងម៉ាឡេស៉ីផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *