យោធាអាមេរិក ទទួលស្គាល់ការខូចខាតក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ និងបញ្ហាខ្វះគ្រាប់
(វ៉ាស៊ីនតោន)៖ អគ្គាធិការនៃក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក បានលាតត្រដាងឱ្យដឹង កាលពីថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថាសហរដ្ឋអាមេរិកកំពុងប្រឈមនឹងបញ្ហាខ្វះខាតគ្រាប់ ដោយសារតែសង្គ្រាមចំណាយលុយដ៏ច្រើនរបស់ខ្លួននៅអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
នៅក្នុងរបាយការណ៍ជាកំហិតដំបូងបង្អស់សម្រាប់សភា អគ្គាធិការក្រសួងការពារជាតិអាមេរិក បាននិយាយថា ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែមិថុនា ប្រតិបត្តិការយោធា Epic Fury (OEF) ដែលសំដៅលើសង្រ្គាមអ៉ីរ៉ង់ មានការចំណាយប៉ាន់ស្មានចំនួនខ្ទង់ ៣៣,៤ពាន់លានដុល្លារ ដែលក្នុងនោះ ២២,៣ពាន់លានដុល្លារ ត្រូវបានចំណាយទៅលើគ្រាប់សព្វាវុធ តែឯងប៉ុណ្ណោះ។ របាយការណ៍ បានកត់សម្គាល់ថា ការចំណាយលើគ្រាប់អាវុធក្នុងប្រតិបត្តិការ OEF បានបណ្តាលឲ្យមានការខ្វះខាតស្តុកយុទ្ធសាស្ត្រ និងបានបង្ហាញពី បញ្ហារាំងស្ទះក្នុងមូលដ្ឋានឧស្សាហកម្មការពារជាតិ សម្រាប់ការផ្គត់ផ្គង់គ្រាប់ឡើងវិញ។
របាយការណ៍ ក៏បានរាយបញ្ជីនៃការខាតបង់ចំពោះកងទ័ពអាមេរិកផងដែរ ដែលរួមមានយន្តហោះចម្បាំង F-15 ចំនួន៤គ្រឿង ត្រូវបានបំផ្លាញ ហើយយន្តហោះចម្បាំងបំបាំងកាយទំនើប F-35 ១គ្រឿង និងយន្តហោះដឹកសាំង KC-135 ចំនួន៧គ្រឿង បានរងការខូចខាត ខណៈយន្តហោះដ្រូន MQ-9 Reaper សរុបរហូតដល់ ៣០គ្រឿង ត្រូវបានបំផ្លាញ។ ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានច្រានចោលម្តងហើយម្តងទៀត នូវក្តីបារម្ភអំពីការថយចុះក្នុងឃ្លាំងអាវុធ អំឡុងរយៈពេល៦ខែមកនេះ នៃសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយកាលពីប៉ុន្មានសប្តាហ៍មុន លោកទើបតែអះអាងថា សហរដ្ឋអាមេរិក មានគ្រាប់អាវុធស្ទើរតែគ្មានដែនកំណត់។ រីឯកាលពីថ្ងៃចន្ទ លោក ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Truth Social របស់លោក ដោយអះអាងម្តងទៀតថា «អាមេរិកកំពុងផលិតអាវុធល្អៗឥតខ្ចោះ និងទំនើបៗខ្លាំង ក្នុងចំនួនច្រើនជាងពេលណាៗទាំងអស់ ក្នុងប្រវត្តិសាស្ត្ររបស់យើង»។
គួរបញ្ជាក់ថា តាមការកត់សម្គាល់ក្នុងរបាយការណ៍ដដែល ការវាយប្រហារតបតរបស់អ៉ីរ៉ង់ បានបំផ្លាញអគារនិងសំណង់រាប់រយ នៅតាមមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសកូវ៉ែត បារ៉ែន កាតា អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អ៉ីរ៉ាក់ អូម៉ង់ និងហ្ស៊កដានី អំឡុងជម្លោះ ប៉ុន្តែទាំងនោះ មិនត្រូវបានរាប់បញ្ចូលក្នុងថ្លៃចំណាយប៉ាន់ស្មានខាងលើទេ ដោយលើកឡើងថា វាមិនទាន់ច្បាស់ តើមូលដ្ឋានយោធាទាំងអស់ នឹងត្រូវសាងសង់ឡើងវិញ ឬនរណាជាអ្នករ៉ាប់រងការចំណាយ នោះទេ៕


