អ្នកនាំពាក្យក្រសួងការងារ៖ ករណីកម្មករនិយោជិតរោងចក្រ ហ្គោ វីន ឡៃធីង ត្រូវបានដោះស្រាយបញ្ចប់ ខណៈបងប្អូនកម្មករចូលធ្វើការជាធម្មតាវិញនៅថ្ងៃនេះ

admin By admin September 23, 2026

(ស្វាយរៀង)៖ បងប្អូនកម្មករនិយោជិត និងភាគីរោងចក្រ ហ្គោ វីន ឡៃធីង (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានឈានដល់ការព្រមព្រៀងគ្នា បន្ទាប់ពីមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់របស់មន្រ្តីជំនាញ លើលក្ខខណ្ឌការងារចំនួន ៣ចំណុច ដែលបងប្អូនកម្មករនិយោជិតមួយចំនួនទាមទារ ខណៈបងប្អូនកម្មករនិយោជិតចូលបំពេញការងារជាធម្មតាវិញនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

ករណីនេះមានកម្មករនិយោជិតចំនួន ៣៨នាក់ ក្នុងចំណោមកម្មករសរុបចំនួន ៣០៦នាក់ បានធ្វើកូដកម្ម ដោយលើកឡើងនូវសំណើពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសំដីរបស់អ្នកបកប្រែ ការធ្វើការថែមម៉ោង និងការទទួលស្គាល់លិខិតបញ្ជាក់ពីមន្ទីរពេទ្យសម្រាប់ការសុំច្បាប់ឈឺ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា តាមរយៈការសម្របសម្រួលរបស់ភាគីពាក់ព័ន្ធ បញ្ហាទាំង៣ចំណុចត្រូវបានដោះស្រាយដោយការព្រមព្រៀងគ្នា ដែលអាចឱ្យកម្មករនិយោជិត និងនិយោជកបន្តទំនាក់ទំនងការងារដោយសន្តិវិធី និងមានការយោគយល់គ្នាទៅវិញទៅមក។

លោកបានបន្តថា៖ «ការដោះស្រាយវិវាទការងារ គឺត្រូវផ្អែកលើការពិភាក្សា ការយោគយល់ និងការសម្របសម្រួលរវាងភាគីទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបាន និងធានាបាននូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក។ ករណីនេះ ភាគីទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា ហើយកម្មករនិយោជិតនឹងវិលចូលធ្វើការងារជាធម្មតាវិញ»។

បន្ថែមពីនេះ លោក ស៊ុន មេសា បានបញ្ជាក់ថា តាមលទ្ធផលនៃការផ្សះផ្សា បងប្អូនកម្មករនិយោជិតបានសន្យាថា នឹងវិលចូលបម្រើការងារជាធម្មតាវិញ នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦។ បន្ទាប់ពីពួកគាត់បានចូលរួមដោះស្រាយដោយសន្តិវិធី និងបានពិភាក្សាយ៉ាងជិតស្និទ្ធ ដែលវាគឺជាមូលដ្ឋានសំខាន់ក្នុងការរក្សាបាននូវបរិយាកាសការងារល្អ និងបន្តផលិតកម្មដោយរលូន៕

Leave a Reply

Your email address will not be published. Required fields are marked *