ថៃ ប្រកាសឱ្យមន្ត្រីរាជការឈប់សម្រាក ២ថ្ងៃ ដោយសារគ្រោះទឹកជំនន់ ខណៈសាលក្រមតុលាការរឿងសន្លឹកឆ្នោតអាចនឹងត្រូវពន្យារពេល

admin By admin September 28, 2026

(បាងកក)៖ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តនៅថ្ងៃអាទិត្យនេះ ក្នុងការកំណត់យកថ្ងៃទី២៨ និងទី២៩ ខែកញ្ញា ជាថ្ងៃឈប់សម្រាកពិសេសសម្រាប់មន្ត្រីរាជការនៅក្នុងរដ្ឋធានីបាងកក និងខេត្តជុំវិញចំនួនបី ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ដែលចំណាត់ការនេះអាចនឹងជះឥទ្ធិពលដល់កាលវិភាគនៃការប្រកាសសាលក្រមរបស់តុលាការ ជុំវិញសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតកាលពីខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃ បានបញ្ជាក់ថា «វិធានការនេះមានគោលបំណងកាត់បន្ថយការធ្វើដំណើរ និងជួយសម្រាលការកកស្ទះចរាចរណ៍សម្រាប់សាធារណជន» ដោយបានបន្ថែមថាកិច្ចការផ្លូវការសំខាន់ៗដែលបានគ្រោងទុក អាចនឹងបន្តអនុវត្តទៅតាមការសម្រេចរបស់ប្រធានស្ថាប័ននីមួយៗ។ យ៉ាងណាមិញ វិធានការឈប់សម្រាកបន្ទាន់នេះ អាចនឹងធ្វើឱ្យមានការពន្យារពេលនៃការចេញសាលក្រមរបស់តុលាការ ជុំវិញភាពមិនប្រក្រតីនៃសន្លឹកឆ្នោតដែលបានប្រើក្នុងការបោះឆ្នោតកាលពីខែកុម្ភៈ ដែលអាចនាំឱ្យមានមន្ទិលសង្ស័យចំពោះលទ្ធផលឆ្នោត បើទោះបីជាតុលាការមិនទាន់បានប្រកាសផ្លូវការអំពីការផ្លាស់ប្តូរកាលបរិច្ឆេទនៃការប្រកាសសាលក្រមក៏ដោយ។

រដ្ឋបាលរាជធានីបាងកក បានប្រកាសរដ្ឋធានីជាតំបន់រងគ្រោះមហន្តរាយកាលពីថ្ងៃសៅរ៍ បន្ទាប់ពីកម្រិតទឹកភ្លៀងជិត ៣០០មីលីម៉ែត្រ បានធ្លាក់ចុះក្នុងរយៈពេល ៤៨ម៉ោង ដែលបណ្តាលឱ្យផ្លូវសំខាន់ៗជាច្រើនត្រូវលិចលង់ និងរថយន្តមួយចំនួនត្រូវទឹកជន់លិចពាក់កណ្តាលតួ។ ថ្វីដ្បិតតែកម្ពស់ទឹកជំនន់បានស្រកចុះខ្លះនៅថ្ងៃអាទិត្យនេះ ដោយសារតែភ្លៀងបានថមថយ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួននៅតែបន្តជាប់គាំងនៅក្នុងផ្ទះសម្បែងរបស់ពួកគេនៅឡើយ។

គួរបញ្ជាក់ថា គ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីបាងកក និងខេត្តក្បែរខាង បានកើតមានឡើងចំពេលដែលស្ថានការណ៍នយោបាយរបស់ប្រទេសថៃ កំពុងស្ថិតក្នុងដំណាក់កាលរសើប ខណៈដែលសាធារណជនកំពុងរង់ចាំមើលយ៉ាងអន្ទះសាចំពោះសេចក្តីសម្រេចរបស់តុលាការ ដែលអាចនឹងកំណត់ជោគវាសនានៃលទ្ធផលបោះឆ្នោត និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *