កូរ៉េខាងជើង ព្រមាន អាមេរិក កុំឱ្យលូកដៃរឿងតៃវ៉ាន់ និងប្រកាសឈរខាងរុស្ស៊ីដាច់ខាត
ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែតុលា នេះថា កូរ៉េខាងជើង បានរិះគន់អាមេរិកយ៉ាងខ្លាំង ចំពោះការលក់អាវុធ និងការផ្តល់ជំនួយយោធាដល់កោះតៃវ៉ាន់ ដោយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងតែដុតបញ្ឆេះភាពតានតឹងនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។តាមរយៈអត្ថបទអត្ថាធិប្បាយមួយរបស់ KCNA ដោយស្រង់សម្តីរបស់អ្នកវិភាគកិច្ចការអន្តរជាតិកូរ៉េខាងជើង លោក Kim Myong Chol បានលើកឡើងថា នយោបាយរបស់សហរដ្ឋអាមេរិកទៅលើកោះតៃវ៉ាន់ កំពុងតែបំផ្លាញដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
អត្ថបទនោះក៏បានថ្កោលទោសចំពោះការបង្ហាញវត្តមាន នៃយន្តហោះចម្បាំងដែលអាមេរិកលក់ឱ្យតៃវ៉ាន់ ផងដែរ ដោយបានបញ្ជាក់ថា អាមេរិក «គួរតែគិតឱ្យបានដិតដល់ឡើងវិញ ថា តើខ្លួនបានត្រៀមខ្លួនរួចរាល់ហើយឬនៅ ក្នុងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយអំណាចជាតិដ៏ខ្លាំងក្លារបស់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីសន្តិសុខរបស់តៃវ៉ាន់ ហើយថាតើខ្លួនអាចដោះស្រាយផលវិបាកដែលនឹងកើតមានឡើងបានដែរឬទេ»។
ការព្រមាននេះបានធ្វើឡើង បន្ទាប់ពីយន្តហោះចម្បាំង F-16V Block 70 ថ្មីចំនួនពីរគ្រឿងដំបូង ក្នុងចំណោម ៦៦ គ្រឿង ដែលតៃវ៉ាន់បានបញ្ជាទិញកាលពីឆ្នាំ២០១៩ បានដឹកជញ្ជូនទៅដល់កោះតៃវ៉ាន់កាលពីសប្តាហ៍មុន ចំពេលដែលតៃវ៉ាន់កំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងពីទីក្រុងប៉េកាំង ដែលតែងតែអះអាងថាកោះប្រជាធិបតេយ្យមួយនេះជាទឹកដីរបស់ខ្លួន។
ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារសារព័ត៌មាន KCNA ដដែលបានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានផ្ញើសារជូនពរថ្ងៃខួបកំណើតទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយក្នុងនោះលោកបានប្តេជ្ញាបន្តផ្តល់ការគាំទ្រដល់ប្រទេសរុស្ស៊ី និងកិច្ចប្រឹងប្រែងក្នុងសង្គ្រាមរបស់ប្រទេសនេះ។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និងរុស្ស៊ីបានឈានដល់កម្រិតស្អិតរមួតយ៉ាងខ្លាំង ចាប់តាំងពីលោក ពូទីន និងលោក គីម បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិរួមគ្នាកាលពីខែមិថុនា ឆ្នាំ២០២៤។
ចំណែកឯជាមួយភាគីចិនវិញ ទីក្រុងព្យុងយ៉ាង ក៏តែងតែឈរជើងគាំទ្រយ៉ាងពេញទំហឹងដូចគ្នា ដោយបានថ្កោលទោសអាមេរិកចំពោះការបញ្ជូន និងលក់សម្ភារៈបរិក្ខារយោធា ព្រមទាំងយន្តហោះចម្បាំងទំនើបៗ ឱ្យកោះតៃវ៉ាន់ ដោយទីក្រុងព្យុងយ៉ាង និងទីក្រុងប៉េកាំងចាត់ទុកថាជាការលូកដៃ និងបង្កការគំរាមកំហែងដល់អធិបតេយ្យភាពរបស់ចិន៕
