តម្លៃប្រេងអន្តរជាតិធ្លាក់ចុះព្រឹកនេះ តែនៅតែខ្ពស់ជាង ១០៥ ដុល្លារ/បារ៉ែល

admin By admin October 13, 2026

តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះបន្តិចនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានហក់ឡើងជិត ២ ដុល្លារ/បារ៉ែល កាលពីថ្ងៃចន្ទ ខណៈអ្នកជួញដូរកំពុងវាយតម្លៃហានិភ័យនៃការរំខានការផ្គត់ផ្គង់ប្រេង ដោយ​សារ​ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅមជ្ឈិមបូព៌ា ព្រមទាំងលទ្ធភាពនៃការបង្កើនការផ្គត់ផ្គង់ប្រេងម៉ាស៊ូតពីរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,២០ ដុល្លារ ឬ ១,១៣% មកនៅត្រឹម ១០៥,៥ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ១,១៦ ដុល្លារ ឬ ១,២៤% មកនៅត្រឹម ៩២,៥៨ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ១១ ព្រឹកនៅទីក្រុងហុងកុង។ កាលពីថ្ងៃចន្ទ តម្លៃប្រេង Brent បានបិទការជួញដូរនៅត្រឹម ១០៦,៦៥ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៥ ខែកញ្ញា។

ការធ្លាក់ចុះនៅថ្ងៃអង្គារ កើតឡើងក្រោយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រុស្ស៊ីបានយល់ព្រមផ្គត់ផ្គង់ប្រេងម៉ាស៊ូតទៅកាន់ទីផ្សារពិភពលោក។ ទន្ទឹមនឹងនេះ រដ្ឋបាលអាមេរិកបានសម្រេចបន្ធូរបន្ថយជាបណ្ដោះអាសន្ននូវទណ្ឌកម្មលើប្រេងឥន្ធនៈរបស់រុស្ស៊ី។ ការបន្ថែមការផ្គត់ផ្គង់នេះអាចជួយបន្ធូរបន្ថយភាពតឹងតែងក្នុងទីផ្សារប្រេងឥន្ធនៈ និងកាត់បន្ថយសម្ពាធលើតម្លៃប្រេងមួយចំនួន។

ទោះជាយ៉ាងណាក៏ដោយ​ ការព្រួយបារម្ភអំពីការរំខានផ្នែក​ផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា នៅតែបន្តជំរុញតម្លៃប្រេង។ ការវាយប្រហារដោយក្រុមហ៊ូធីដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់លើអាកាសយានដ្ឋានអន្តរជាតិរីយ៉ាដក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីចុងសប្ដាហ៍មុន ព្រមទាំងសេចក្ដីរាយការណ៍អំពីការវាយប្រហារលើនាវាដឹកប្រេងនៅក្បែរច្រកសមុទ្រហ័រមូហ្ស បានបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពនៃការដឹកជញ្ជូនថាមពលក្នុងតំបន់។

អ្នកវិភាគទីផ្សារយល់ថា ទោះបីការផ្គត់ផ្គង់ប្រេងម៉ាស៊ូតពីរុស្ស៊ី និងការផ្គត់ផ្គង់ប្រេងពីអារ៉ាប៊ីសាអូឌីតអាចជួយបន្ធូរបន្ថយសម្ពាធលើទីផ្សារក៏ដោយ ក៏ហានិភ័យនៃការវាយប្រហារបន្ថែមលើនាវាដឹកប្រេង និងបំពង់បង្ហូរប្រេងនៅតំបន់ឈូងសមុទ្រនៅតែជាក្ដីបារម្ភចម្បង។ ដូច្នេះ ប្រសិនបើភាពតានតឹងមិនធូរស្រាល តម្លៃប្រេងអាចបន្តស្ថិតក្នុងទិសដៅកើនឡើង។

ទន្ទឹមនឹងហានិភ័យផ្នែកផ្គត់ផ្គង់ អង្គការប្រទេសនាំចេញប្រេង (OPEC) បានកែសម្រួលបន្ថយការព្យាករកំណើនតម្រូវការប្រេងពិភពលោកសម្រាប់ឆ្នាំនេះ មកត្រឹម ៤០០ ០០០ បារ៉ែល/ថ្ងៃ ពីការព្យាករដំបូងចំនួន ១,៤ លានបារ៉ែល/ថ្ងៃ៕

Leave a Reply

Your email address will not be published. Required fields are marked *