កម្លាំងនគរបាលខេត្តកំពង់ធំ តាមចាប់ក្រុមជនល្មើសដែលវាយក្មេងប្រុសម្នាក់បណ្តាលឲ្យបែកក្បាល នៅមុខវិទ្យាល័យកំពង់ធំ

admin By admin October 16, 2026

(កំពង់ធំ)៖ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានថ្លែងឱ្យដឹងថា ដោយអនុវត្តតាមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត, កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ បានប្រើប្រាស់វិធានការជំនាញ ឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ និងដកហូតម៉ូតូចំនួន ៣គ្រឿង ករណីហិង្សាដោយចេតនា ដោយវាយក្មេងប្រុសម្នាក់បណ្តាលឲ្យបែកក្បាល។

ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៦ និង២២នាទី លើដងផ្លូវជាតិលេខ៦ ស្ថិតនៅចំណុចមុខវិទ្យាល័យកំពង់ធំ ក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ករណីហិង្សាដោយចេតនាបង្កឡើងដោយជនសង្ស័យចំនួន ០១ក្រុម មានគ្នា ០៣នាក់ ជិះម៉ូតូ ០៣គ្រឿង ទៅលើជនរងគ្រោះឈ្មោះ ធា រិទ្ធី ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យមានរបួស ០១កន្លែង បែកក្បាលផ្នែកខាងមុខ។

ជនសង្ស័យទាំង៣នាក់ រួមមាន៖

*ទី១៖ ឈ្មោះ យេត ណាត អាយុ១៧ឆ្នាំ រស់នៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ជាជនដៃដល់)។
*ទី២៖ ឈ្មោះ ទិន ជិន ហៅ (តន) អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (បក្ខពួក)។
*ទី៣៖ ឈ្មោះ ហោ តុងហាក់ អាយុ២៥ឆ្នាំ រស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (បក្ខពួក)។

ករណីខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធីដើម្បីអនុវត្តច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *