តម្លៃប្រេងអន្តរជាតិធ្លាក់ចុះជាង ១ ដុល្លារ ព្រឹកនេះ ក្រោយហក់ទៅក្បែរ ១១០ ដុល្លារ/បារ៉ែល សប្ដាហ៍មុន
តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ដុល្លារ/បារ៉ែល នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចលើកលែងទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ដែលអាចបើកផ្លូវឱ្យមានការនាំចេញប្រេងពីរុស្ស៊ីកាន់តែច្រើន ទោះបីជាកង្វល់ផ្នែកផ្គត់ផ្គង់នៅតែបន្ត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,៤៣ ដុល្លារ ឬ ១,៣% មកនៅត្រឹម ១០៨,៤៣ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៧ កន្លះ នៅទីក្រុងហុងកុង ក្រោយបិទការជួញដូរកាលពីថ្ងៃសុក្រ ក្នុងកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១៩ ខែឧសភា។ ចំណែកតម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ៥៣ សេន ឬ ០,៥២% មកនៅត្រឹម ១០០,៨៨ ដុល្លារ/បារ៉ែល។
ការធ្លាក់ចុះនេះកើតឡើង បន្ទាប់ពីលោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាលពីថ្ងៃសុក្រ ដើម្បីលើកលែងទណ្ឌកម្ម និងពន្ធសំខាន់ៗមួយចំនួនក្រោមច្បាប់ «Graham Act» រយៈពេល ៦០ ថ្ងៃ។ វិធានការនេះអាចជួយសម្រួលដល់ការនាំចេញប្រេងពីរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារអន្តរជាតិ។
យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ បានឱ្យដឹងថា លោក ត្រាំ នឹងប្រើពេលរហូតដល់ ៦០ ថ្ងៃ ដើម្បីវាយតម្លៃផលប៉ះពាល់សេដ្ឋកិច្ចពីការលើកលែងនេះ។ ចំណែកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានថា សកម្មភាពរបស់អាមេរិកទាំងនេះ អាចប៉ះពាល់ដល់អ៊ុយក្រែន។
ទន្ទឹមនឹងនោះ ភាពតានតឹងនៅមជ្ឈិមបូព៌ានៅតែជាកត្តាសំខាន់ដែលធ្វើឱ្យទីផ្សារប្រេងមានភាពមិនប្រាកដប្រជា។ កាលពីថ្ងៃសុក្រ តម្លៃប្រេង Brent បានហក់ឡើងទៅកិតនឹង ១១០ ដុល្លារ/បារ៉ែល ដោយសារកង្វល់អំពីសុវត្ថិភាពនៃការដឹកជញ្ជូនប្រេងពីមជ្ឈិមបូព៌ា។
យោងតាមក្រុមហ៊ុនវិភាគទីផ្សារថាមពល Kpler ការដឹកជញ្ជូនប្រេងឆៅចេញពីតំបន់ឈូងសមុទ្រពែរ្សបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីសប្ដាហ៍មុន ដោយសារតែកំណើនការវាយប្រហារលើនាវាពាណិជ្ជកម្ម។ ប្រេងប្រមាណ ៨,៥ លានបារ៉ែល/ថ្ងៃ ត្រូវដឹកជញ្ជូនចេញ បើធៀបនឹងជាង ២០ លានបារ៉ែល/ថ្ងៃ នៅសប្ដាហ៍មុននោះ។ ក្នុងអំឡុងពេលដូចគ្នា មានករណីវាយប្រហារ ឬហេតុការណ៍ប៉ះពាល់ដល់នាវាពាណិជ្ជកម្មយ៉ាងហោចណាស់ ១០ ករណីផងដែរ។
បន្ថែមពីនេះ ស្ថានការណ៍សន្តិសុខក្នុងតំបន់អាចកាន់តែតានតឹង បន្ទាប់ពីអេហ្ស៊ីបបានប្រកាសថា ខ្លួនត្រៀមផ្តល់ការគាំទ្រដល់អារ៉ាប៊ីសាអូឌីត ដើម្បីការពារសន្តិសុខ និងស្ថិរភាពរបស់ប្រទេសនេះ ប្រឆាំងនឹងក្រុមហ៊ូធីនៅយេម៉ែន ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់។
អ្នកជំនាញលើកឡើងថា ស្ថានភាពទាំងអស់នៅ មានន័យថា តម្លៃប្រេងអាចនឹងបន្តនៅខ្ពស់ក្នុងរយៈពេលវែង ចំពេលដែលជម្លោះអាមេរិក និងអ៊ីរ៉ង់ បន្តអូសបន្លាយ៕