អាជ្ញាធររាជធានី បន្តរកឃើញទំនិញ ១៧មុខនាំចូលពីប្រទេសថៃ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ

admin By admin June 15, 2026

គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ដោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ សហការជាមួយកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ក.ប.ប កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានបន្តរកឃើញទំនិញចំនួន១៧មុខនាំចូលពីប្រទេសថៃ នៅចំណុចផ្ទះលេខ ៣៥២ ផ្លូវ ៣៥១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ទីតាំងនេះ គឺជាឃ្លាំងស្តុកទំនិញប្រភេទគ្រឿងទេស ភេសជ្ជៈ និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទ មានសរុបចំនួន ១.៦៤៧កេស ស្មើនឹង ១៤.៦៣៨,៥គីឡូក្រាម នាំចូលពីបរទេស ក្នុងនោះការិយាល័យ ក.ប.ប រាជធានីភ្នំពេញ បានរកឃើញទំនិញចំនួន ១៧មុខ ជាទំនិញនាំចូលពីប្រទេសថៃ និងមានទំនិញចំនួន ២មុខ គឺទឹកតែអូអ៊ិឈិ ចំនួន ៣៤កេស និងទឹកវីតាមីន Blue ចំនួន ៤កេស ហួសកាលបរិច្ឆេទប្រើប្រាស់។

ក្រោយការត្រួតពិនិត្យ ក្រោមការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង កម្លាំងចម្រុះបានសម្រេចបិទឃ្លុំទីតាំងនេះបណ្តោះអាសន្នដើម្បីបន្តនីតិវិធី។

សូមជម្រាបថា ទីតាំងដែលរកឃើញទំនិញនាំចូលពីប្រទេសថៃនេះ គឺជាទីតាំងមួយក្នុងចំណោមទីតាំងចំនួន១២ ដែលរដ្ឋបាលរាជធានីប្រតិបត្តិការចុះត្រួតពិនិត្យកាលពីថ្ងៃទី១៤មិថុនា ម្សិលមិញដើម្បីបង្ការទប់ស្កាត់ការនាំចូលសាច់បង្កក ឬទំនិញពីប្រទេសថៃ៕

Leave a Reply

Your email address will not be published. Required fields are marked *