World Cup 2026៖ Ronaldo ស៊ុតបាន ២គ្រាប់ពេលព័រទុយហ្គាល់បំបាក់ អ៊ូសបេគីស្ថាន ៥-០ និងបង្កើតកំណត់ត្រាថ្មី
(បរទេស)៖ ប្រធានក្រុម Cristiano Ronaldo រកបាន ២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៥ទល់នឹង០ របស់ព័រទុយហ្គាល់ ទៅលើគូប្រជែងអ៊ូសបេគីស្ថាន មកពីតំបន់អាស៊ី ក្នុងប្រកួត FIFA World Cup 2026 ជាមួយនឹងការបង្កើតបានកំណត់ ត្រាថ្មីមួយផងដែរ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយ ៣ពិន្ទុជាលើកដំបូងសម្រាប់បច្ចខែលព័រទុយហ្គាល់នេះ ក្រោយលេងស្មើ ១-១ ទល់នឹងកុងហ្គោ ក្រុមមកពីតំបន់អាហ្វ្រិក បានធ្វើឱ្យអតីតជើងឯក Euro 2016 មួយនេះមាន ៤ពិន្ទុឈរទីកំពូលតារាងនៃពូល K។
នេះមានន័យថា Ronaldo បានឆ្លើយតបទៅនឹងមតិរិះគន់ចំពោះតំបន់ប្រយុទ្ធព័រទុយហ្គាល់មានបញ្ហា ក៏ព្រោះតែផ្តោតសំខាន់ទៅលើខ្សែប្រយុទ្ធចាស់វស្សា ដែលជាអតីតម្ចាស់ពានបាល់មាស ៥សម័យកាលនោះខ្លាំងពេក។
លើសពីនេះទៀត Ronaldo ត្រូវបានគេប្រៀបធៀប នៅពេលកីឡាករលំដាប់កំពូលៗមានដូចជា Messi, Mbappe, Haaland, Vinicius និង Harry Kane ជាដើម សុទ្ធតែរកបានគ្រាប់ លើកលែងតែប្រធានក្រុមព័រទុយហ្គាល់ ពាក់លេខ៧ នេះមួយគត់ដែលខកខាន។
ចំណុចគួរកត់ចំណាំមួយទៀតទាំង Ronaldo និង Messi បានផ្តើមលេង World Cup ដូចគ្នាតាំងពីឆ្នាំ២០០៦ និងមាន ៦សម័យកាលមកហើយ នៅពេលប្រធានក្រុមអាហ្សង់ទីន រកបាន ១៨គ្រាប់ច្រើនជាងគេ គ្រាដែល Ronaldo ទើបមាន ១០គ្រាប់ប៉ុណ្ណោះ ក៏ប៉ុន្តែ Messi បានខកខានរកគ្រាប់បាល់កាលឆ្នាំ២០១០ នៅពេល Ronaldo ធ្វើបាន។
Messi ស្ថិតក្នុងវ័យ ៣៩ឆ្នាំ នៅពេល Ronaldo វ័យ ៤១ឆ្នាំ និងក្លាយជាកីឡាករទី២ ចាស់ជាងគេដែលរកបានគ្រាប់បាល់នៅប្រវត្តិសាស្រ្ត World Cup តាមពីក្រោយកីឡាករ Roger Milla របស់កាមេរូន ដែលរកបានគ្រាប់ពេលប៉ះរុស្ស៊ី កាល World Cup 1994 ស្ថិតក្នុងវ័យ ៤២ឆ្នាំ៕

