រុស្ស៊ី បញ្ជាក់ជំហរការធ្វើ សមយុទ្ធចិន-រុស្ស៊ី និងការបាញ់សាកល្បងមីស៊ីលរបស់ចិនក្នុងសមុទ្រប៉ាស៊ីហ្វិក
វិមានក្រឹមឡាំង អះអាងកាលពីថ្ងៃចន្ទថា ការសាកល្បងមីស៊ីលយុទ្ធសាស្ត្រថ្មីៗរបស់ចិន និងសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាមួយរុស្ស៊ី មិនមែនសំដៅលើប្រទេសណាមួយនោះទេ ដោយពណ៌នាអំពីកិច្ចសហប្រតិបត្តិការយោធារវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំងថាជាកត្តាសំខាន់សម្រាប់សន្តិសុខក្នុងតំបន់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Anadolu ផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងមូស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ប្រទេសចិនមានសិទ្ធិប្រើអធិបតេយ្យភាពក្នុងការធ្វើការសាកល្បងមីស៊ីល និងពង្រឹងសមត្ថភាពយោធារបស់ខ្លួន។
លោកនិយាយថា៖ « យើងជឿថាវាជាសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសចិនក្នុងការសាកល្បងមីស៊ីលនិងចូលរួមក្នុងការអភិវឌ្ឍយោធា។ ប្រទេសចិនមិនបានគំរាមកំហែងដល់ប្រទេសណាមួយ នៅក្នុងតំបន់ ឬកន្លែងណាក្នុងពិភពលោកទេ ហើយប្រទេសចិនគឺជាសម្ព័ន្ធមិត្ត និងដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់យើង»។
ការកត់សម្គាល់របស់លោកបានកើតឡើង បន្ទាប់ពីប្រទេសចិនបានសាកល្បងមីស៊ីលផ្លោងដែលបាញ់ចេញពីនាវាមុជទឹកពីសមុទ្រចិនខាងត្បូងទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។
ក្នុងការអត្ថាធិប្បាយលើសមយុទ្ធកងទ័ពជើងទឹក Maritime Interaction-២០២៦ (Joint Sea-២០២៦) ក្នុងសមុទ្រលឿង និងដែនអាកាសនៅជិតទីក្រុងកំពង់ផែ Qingdao របស់ប្រទេសចិនជាមួយរុស្ស៊ី ចាប់ពីថ្ងៃទី៦-១៣ ខែកក្កដា លោក Peskov សង្កត់ធ្ងន់ថា សមយុទ្ធនេះមានលក្ខណៈការពារ ហើយមិនមែនសំដៅលើប្រទេសទី៣ ណាមួយឡើយ។
លោក បន្តថា៖ « សមយុទ្ធរួមរបស់យើងក៏មិនមែនសំដៅទៅលើនរណាម្នាក់ ឬប្រឆាំងនឹងប្រទេសណាមួយនៅក្នុងតំបន់នោះដែរ ហើយមនុស្សគ្រប់គ្នាគួរតែបន្តពីការយោគយល់នេះ»។
លោកបន្ថែមថា៖ « ផ្ទុយទៅវិញ កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងចិនក្នុងវិស័យដ៏សំខាន់ និងមានការទទួលខុសត្រូវបែបនេះ គឺជាកត្តាដ៏សំខាន់មួយរួមចំណែកដល់ការព្យាករណ៍ និងសន្តិសុខក្នុងតំបន់ប៉ុណ្ណោះ»៕

