និស្សិតថៃ ជាង ៤ ៥០០នាក់ ឆ្លងមេរោគព្រូនថ្លើម ព្រោះតែ «បុកល្ហុង»
និស្សិតថៃ ៤ ៥៨០នាក់ នៅសាកលវិទ្យាល័យចំនួន២ ត្រូវបានធ្វើតេស្ត រកឃើញមានឆ្លងមេរោគព្រូនថ្លើម (Liver Fluke) ដោយសារតែទទួលទាន បុកល្ហុង។
តាមការផ្សាយរបស់ Khaosod នៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦, ក្នុងចំណោមអ្នកឆ្លង មាន ៤ ២០០នាក់ នៅសាកលវិទ្យាល័យ Mahasarakham និង ៣៨០នាក់ទៀត នៅសាកលវិទ្យាល័យ Rajabhat Mahasarakham ខណៈពួកគេទាំងអស់ សុទ្ធសឹងជានិស្សិតឆ្នាំទី១។
យោងតាមក្រុមមន្ត្រី, ពងព្រូនថ្លើម ប្រហែលជាមាននៅក្នុងត្រីផ្អាប់ឆៅ ដែលគេយកទៅធ្វើគ្រឿងបុកល្ហុង ដូច្នេះអាជ្ញាធរខេត្ត Mahasarakham កំពុងចាត់វិធានការដោះស្រាយ និងធ្វើការត្រួតពិនិត្យតាមហាងលក់បុកល្ហុង ទាំងឡាយ។
ព្រូនថ្លើម គឺជាប្រភេទប៉ារ៉ាស៊ីត (ព្រូនសំប៉ែត) ដែលបំផ្លាញប្រព័ន្ធផ្លូវទឹកប្រមាត់ និងថ្លើមរបស់មនុស្ស និងសត្វ។ ការឆ្លងមេរោគនេះ កើតឡើងញឹកញាប់បំផុត តាមរយៈការបរិភោគត្រីទឹកសាប ឬរុក្ខជាតិទឹក ដែលមិនបានចម្អិនឲ្យឆ្អិនល្អ។
នៅដំណាក់កាលស្រាល អ្នកដែលឆ្លងព្រូននេះ មានអារម្មណ៍ណែនពោះ ហើមពោះ ឬចុកពោះផ្នែកខាងស្តាំ (ម្តុំថ្លើម) ប៉ុន្តែពេលដល់ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យអស់កម្លាំងខ្លាំង ស្រកទម្ងន់ លឿងភ្នែក លឿងស្បែក និងក្តៅខ្លួន។
ចំពោះផលវិបាកគ្រោះថ្នាក់បំផុត វាបណ្តាលឲ្យរលាកផ្លូវទឹកប្រមាត់ ពោលគឺព្រូនរារាំងលំហូរទឹកប្រមាត់ ធ្វើឲ្យរលាក និងឆ្លងមេរោគ។ រួច វានឹងបង្កការរលាករ៉ាំរ៉ៃ បំផ្លាញកោសិកាថ្លើម បណ្តាលឲ្យថ្លើមឡើងរឹង តែម្តង។
យ៉ាងណា ការឆ្លងមេរោគព្រូនថ្លើមនេះ ដោយមិនព្យាបាល អាចបង្កើនហានិភ័យ នៃជំងឺមហារីកបំពង់ទឹកប្រមាត់ នៅរយៈពេល ១៥ ទៅ ២០ ឆ្នាំក្រោយ៕

