ក្រសួងសុខាភិបាល ណែនាំឱ្យពលរដ្ឋអនុវត្តវិធានការមួយចំនួន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ពីគ្រោះទឹកជំនន់
ស្របពេលដែលស្ថានភាពអាកាសធាតុនៅកម្ពុជា មានភ្លៀងធ្លាក់ច្រើន ដែលអាចបង្កើតជាជំនន់ទឹក ភ្លៀងរហ័សនៅតាមតំបន់ទំនាប ព្រមទាំងជំរុញឱ្យទឹកស្ទឹង ព្រែក ហក់ឡើងខ្ពស់ បង្កជាគ្រោះទឹកជំនន់ ដែលអាច ប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាជន។ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ពីគ្រោះធម្មជាតិ ឱ្យបានជាអតិបរមា។
តាមរយៈសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងបានណែនាំឱ្យប្រជាពលរដ្ឋអនុវត្ត និងប្រកាន់ខ្ជាប់នូវវិធានការ ដូចខាងក្រោម៖
១.មុនពេលទឹកជំនន់
ត្រូវតាមដានស្ថានភាពទឹកជំនន់ ត្រៀមទីទួលសុវត្ថិភាព និងបម្រុងទុកស្បៀងអាហារ និងឱសថសង្គ្រោះបន្ទាន់ ត្រូវធ្វើរបងព័ទ្ធ ឬបោះបង្គោលចំណាំជុំវិញស្រះ ឬកន្លែងដែលមានទឹកជ្រៅ ត្រូវថែរក្សាបរិស្ថានជុំវិញផ្ទះឱ្យ បានស្អាត និងសាងសង់បង្គន់ឱ្យបានខ្ពស់ ដើម្បីការពារទឹកជំនន់។
២.អំឡុងពេលមានទឹកជំនន់
– សុវត្ថិភាពស្នាក់នៅ និងអគ្គិសនី៖ មិនត្រូវចូលទៅក្នុងផ្ទះ ឬអគារទ្រុឌទ្រោម ព្រោះអាចស្រុតបាក់។ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើមឬកំពុងឈរនៅក្នុងទឹកជាដាច់ខាត។
– ការការពារជំងឺ៖ ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ គ្រុនឈីក និងជំងឺ ផ្សេងៗ។ ត្រូវងូតទឹកដុះសាប៊ូ ឱ្យបានស្អាត ដើម្បីបង្ការជំងឺសើស្បែក ពងទឹក កមរមាស់។
-សុខភាពមាតា និងទារក៖ ស្ត្រីមានផ្ទៃពោះត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់ បើស្ត្រីជិតដល់ ពេលសម្រាល ត្រូវរកកន្លែងស្នាក់នៅក្បែរមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។ ត្រូវនាំកូនៗ ទៅចាក់ថ្នាំបង្ការតាមការកំណត់ និងត្រូវផ្ដល់អាហារដោយរក្សាអនាម័យ។
-ការគាំទ្រជនងាយរងគ្រោះ៖ ត្រូវយកចិត្តទុកដាក់ជួយមនុស្សចាស់ កុមារ និងជនពិការភាព ដោយត្រៀម ឈើច្រត់ រទេះរុញ ឬឱសថដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំ។
-សុវត្ថិភាពការធ្វើដំណើរ៖ ការធ្វើដំណើរតាមទូកឬការណូត មិនត្រូវដាក់មនុស្សហួសកម្រិតឡើយ។ ការធ្វើដំណើរពេលយប់ត្រូវមានភ្លើងបំភ្លឺ និងត្រូវមានអាវពោងសុវត្ថិភាពជានិច្ច។
-ការបង្ការសត្វអសិរពិស ៖ ត្រូវប្រុងប្រយ័ត្នពស់ចឹក ដោយពិនិត្យឱ្យបានត្រឹមត្រូវមុនទៅកាន់ទីទួល សុវត្ថិភាព ឬគំនរឈើ។ ធ្វើដំណើរពេលយប់ ត្រូវស្លៀកខោជើងវែង និងពាក់ស្បែកជើងកវែង។ ករណីមានពស់ចឹក ឬសត្វអសិរពិសទិច ឬខាំត្រូវបញ្ចូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅ ជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល។
-អនាម័យចំណីអាហារនិងទឹកស្អាត៖ ត្រូវ ទទួលទានទឹកស្អាត ដោយប្រើធុងចមោះ ឬដាំទឹកឱ្យពុះ ឬ ប្រើថ្នាំក្លរីន ឬក្លរ៉ាមីន ៥០០មក ចំនួនពីរគ្រាប់អាចលាយទឹក ២០លីត្រ រួចទុករយៈពេល ៣០នាទីមុន ប្រើប្រាស់ ដើម្បីចៀសវាង នូវជំងឺផ្សេងៗ ដូចជា ជំងឺរាក ជំងឺរាកមួល ពុលចំណីអាហារ ឬជំងឺផ្លូវដង្ហើម ស្រួចស្រាវ និងជំងឺដទៃផ្សេងទៀត។ ត្រូវលាងសម្អាតបន្លែ ផ្លែឈើ ចម្អិនអាហារឱ្យបានឆ្អិនល្អ និងគ្រប អាហារឱ្យបានជិតល្អ។ លាងសម្អាតដៃជាមួយសាប៊ូ ឱ្យបានញឹកញាប់ មុននិងក្រោយបរិភោគអាហារ និង ក្រោយចេញពីបង្គន់។
៣. ក្រោយពេលទឹកជំនន់
-បន្តរក្សាអនាម័យ បរិភោគចំណីអាហារ និងទឹកស្អាត រួមទាំងសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺ ដែលបានរៀបរាប់ខាងលើ។ អនាម័យខ្លួនប្រាណឱ្យបានស្អាត ដើម្បីចៀសវាងនូវជំងឺផ្សេងៗ។
-ពិនិត្យមើលផ្ទះក្រែងមានបាក់ស្រុតនិងប្រុងប្រយ័ត្នសត្វអសិរពិសដែលបង្កប់ខ្លួ។
-ធ្វើអនាម័យបរិស្ថានជុំវិញ និងក្នុងផ្ទះ ចៀសវាងនូវការដក់ទឹកនាំឱ្យកើតមូសខ្លា និងមូសដែកគោល ដែលអាចបង្កឱ្យមានជំងឺគ្រុនឈាម និងគ្រុនចាញ់ ត្រូវស្ដា និងសម្អាតអណ្តូងទឹកឡើងវិញមុននឹង ប្រើប្រាស់ ព្រមទាំងជួសជុលបង្គន់និងបន្ទោរបង់ក្នុងបង្គន់គ្រប់ពេល។
នៅគ្រប់ដំណាក់កាល ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព សូមស្វែងរកការពិគ្រោះ ពិនិត្យ និង ព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត៕

