វិភាគអន្តរជាតិ៖ គំរាមប្រើជម្រើសយោធាឆ្លើយតបនឹងជប៉ុន តើកូរ៉េខាងជើងចង់សំដៅលើអ្វី?
(សេអ៊ូល)៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង នៅថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ បានព្រមានថាទីក្រុងព្យុងយ៉ាងនឹងបង្កើតជម្រើសយោធាបន្ថែមទៀត នៅក្នុងការឆ្លើយតបទៅនឹងអ្វីដែលលោកស្រីចាត់ទុកថាជាការប្រែកាយរបស់ជប៉ុនទៅជាមហាអំណាចយោធាមួយ បន្ទាប់ពីទីក្រុងតូក្យូបានដឹកនាំការធ្វើតេស្ដបាញ់មីស៊ីលគ្រូសផលិតដោយសហរដ្ឋអាមេរិក Tomahawk មួយគ្រាប់។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោកស្រី គីម បានចោទប្រកាន់ជប៉ុនត្រង់ៗថាកំពុងធ្វើសកម្មភាពហួសពីការការពារខ្លួន និងកំពុងប្រែក្លាយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទៅជាកងកម្លាំងមួយដែលមានសមត្ថភាពវាយប្រហារបង្ការទុកមុន និងដើម្បីធ្វើប្រតិបត្តិការយោធានៅក្រៅប្រទេស។ ការបញ្ចេញប្រតិកម្មប្រឆាំងជប៉ុនរបស់លោកស្រី គីម កើតមានឡើង បន្ទាប់ពីជប៉ុនកាលពីពេលថ្មីៗនេះបានដឹកនាំការធ្វើតេស្តបាញ់មីស៊ីលគ្រូស Tomahawk មួយគ្រាប់ ចេញពីនាវាពិឃាដ Chokai នៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ក៏ដូចជាការបាញ់សាកល្បងមីស៊ីលផ្សេងទៀត ហើយបានចូលរួមក្នុងសមយុទ្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្វីលីពីន កាលពីខែឧសភាកន្លងទៅ។
តាមលោកស្រី គីម កូរ៉េខាងជើងនឹងធ្វើការឆ្លើយតបនៅក្នុងមធ្យោបាយដែលធ្វើឱ្យជប៉ុនមានអារម្មណ៍ថាសន្តិសុខរបស់ខ្លួនស្ថិតនៅក្រោមការគំរាមកំហែងយ៉ាងធំ។ «យើងត្រូវតែធ្វើឱ្យពួកគេ (ជប៉ុន) ស្ដាយក្រោយ»។ នេះជាការព្រមានរបស់លោកស្រី គីម ដែលនេះវោហាសាស្ត្រខ្លាំងបំផុតមួយរបស់លោកស្រីចំពោះទីក្រុងតូក្យូ ក្នុងពេលប៉ុន្មានខែថ្មីៗនេះ។ លោកស្រី គីម ក៏បានចោទប្រកាន់សហរដ្ឋអាមេរិកដែរថាកំពុងជួយទំនុកបម្រុងជប៉ុនក្នុងការពង្រីកយោធាតាមរយៈការផ្គត់ផ្គង់មីស៊ីលគ្រូស Tomahawk ការធ្វើទំនើបកម្មនាវាចម្បាំងរបស់ជប៉ុនសម្រាប់ការធ្វើប្រតិបត្តិការ និងគាំទ្រដល់ការធ្វើតេស្ដមីស៊ីល។ លោកស្រីបានបន្ថែមដូច្នេះថា «សហរដ្ឋអាមេរិកគឺជាអ្នកនៅពីក្រោយសកម្មភាពយោធាដ៏គ្រោះថ្នាក់របៀបនេះរបស់ជប៉ុន។»
តាមលោកស្រី គីម យ៉ូជុង ការដែលជប៉ុនអភិវឌ្ឍ ឬទទួលបានសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយ គឺមានន័យថាកូរ៉េខាងជើង និងបណ្ដាប្រទេសក្បែរខាងដទៃទៀតស្ថិតនៅក្រោមរយៈចម្ងាយបាញ់របស់ជប៉ុន។ ដូច្នេះដើម្បីទប់ទល់នឹងសកម្មភាពយោធារបស់ទីក្រុងតូក្យូដែលលោកស្រីចាត់ទុកថាជាការគំរាមកំហែងដ៏មានសក្តានុពលមួយចំពោះសន្តិសុខរបស់កូរ៉េខាងជើង លោកស្រី គីម បានបញ្ជាក់ថាទីក្រុងព្យុងយ៉ាងនឹងបង្កើតជម្រើសយោធាបន្ថែមទៀត។ តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។ សេចក្ដីថ្លែងការណ៍របស់លោកស្រី គីម គឺជាការរិះគន់ចុងក្រោយបំផុតមួយរបស់កូរ៉េខាងជើងចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងចំណោមសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។
ចាប់តាំងពីខែកក្កដាមក KCNA បានចេញផ្សាយបទវិចារណកថា និងបទអត្ថាធិប្បាយយ៉ាងហោច ៦លើកដែលសុទ្ធសឹងតែថ្កោលទោសការពង្រឹងទំនាក់ទំនងសន្តិសុខរវាងសម្ព័ន្ធមិត្តទាំង៣ ដោយចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ទាំងមូល និងបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ ម្លោះហើយ តើជម្រើសយោធាដែលលោកស្រី គីមបានគំរាម ចង់សំដៅលើអ្វីឱ្យប្រាកដ? ក្រុមអ្នកវិភាគយល់ថាទីក្រុងព្យុងយ៉ាងកំពុងព្យាយាមផាត់ពណ៌ការធ្វើទំនើបកម្មយោធារបស់ជប៉ុនជាការគំរាមកំហែងដោយផ្ទាល់ចំពោះសន្តិសុខជាតិរបស់ខ្លួន ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវដែលកូរ៉េខាងជើងជ្រើសរើស យកការពង្រឹង និងពង្រីកការអភិវឌ្ឍកម្មវិធីអាវុធ។ លោក Yang Moo-jin ជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យសិក្សាពីកូរ៉េខាងជើង ក្នុងទីក្រុងសេអ៊ូល បាននិយាយថាការអត្ថាធិប្បាយរបស់លោកស្រី គីម មានបំណងចាត់ទុកការបោះជំហានយោធារបស់ជប៉ុនគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងយ៉ាងទូលំទូលាយរបស់សហរដ្ឋអាមេរិកក្នុងការពង្រឹងសមត្ថភាពយោធាប្រូកស៊ីរបស់ខ្លួន ដើម្បីប្រឆាំងនឹងកូរ៉េខាងជើង។
យល់ឃើញស្រដៀងគ្នានេះដែរ លោក Lim Eul-chul ជាសាស្ត្រចារ្យម្នាក់មកពីវិទ្យាស្ថានសម្រាប់ការសិក្សាពីតំបន់អាស៊ីចុងបូព៌ាមនៃសាកលវិទ្យាល័យ Kyungnam បានសង្កត់ធ្ងន់ថាសារព្រមានរបស់លោកស្រី គីម ជាការរៀបចំសេណារីយ៉ូដើម្បីបង្ហាញសាច់ដុំយោធានៅពេលអនាគត ក្នុងនោះរួមមានទាំងការធ្វើតេស្ដបាញ់មីស៊ីល ឬក៏សម្ញែងសមត្ថភាពនៃអាវុធវាយប្រហារនៅក្រោមទឹក។
គួរបញ្ជាក់ថា បច្ចុប្បន្ន ជប៉ុនកំពុងបង្កើនការចំណាយលើវិស័យយោធា និងកិច្ចសហប្រតិបត្តិការសន្តិសុខនៅតំបន់អាស៊ីរួចជាស្រេច ដោយដាក់ពង្រាយប្រព័ន្ធបាញ់មីស៊ីលទៅកាន់កោះដាច់ស្រយាល ស្វែងរកសមត្ថភាពដើម្បីវាយប្រហារបកតបត ហើយបន្ធូរបន្ថយច្បាប់ស្តីពីការនាំចេញសព្វាវុធ។ ប៉ុន្តែរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi នៅក្នុងបុព្វកថានៃសៀវភៅសការពារជាតិប្រចាំឆ្នាំ បាននិយាយថា «វាជាការចាំបាច់ដែលជប៉ុនត្រូវពង្រឹងនិងផ្លាស់ប្តូរសមត្ថភាពការពារជាតិរបស់ខ្លួន ជាមួយនឹងស្មារតីនៃភាពបន្ទាន់និងវិបត្តិ ខ្លាំងជាងពេលណាៗទាំងអស់»។
លោកបានបន្ថែមថា នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក «មិនមែនត្រឹមតែចិននិងកូរ៉េខាងជើង កំពុងពង្រឹងសមត្ថភាពយោធារបស់ពួកគេបន្ថែមទៀតប៉ុណ្ណោះទេ ចិន-រុស្ស៊ី និងរុស្ស៊ី-កូរ៉េខាងជើង ក៏កំពុងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេផងដែរ»។ សៀវភៅសការពារជាតិថ្មីរបស់ជប៉ុន បានលើកឡើងថា ប្រទេសចិនកំពុងបង្កើនសកម្មភាពរបស់ខ្លួន នៅក្នុងតំបន់ជុំវិញប្រទេសជប៉ុន ដោយពង្រីកហួសពីតំបន់ខ្សែបន្ទាត់ first island chain មកកាន់ខ្សែបន្ទាត់ second island chain។
ក្រៅពីកូរ៉េខាងជើង ចិនក៏បានសម្តែងការព្រួយបារម្ភជាខ្លាំងផងដែរចំពោះអ្វីដែលខ្លួនមើលឃើញថា ជាការវិលត្រឡប់ទៅរក «យោធានិយមថ្មី» ដោយជប៉ុន ខណៈទំនាក់ទំនងរវាងប្រទេសទាំងពី កាន់តែយ៉ាប់យ៉ឺន ចាប់តាំងពីការអត្ថាធិប្បាយអំពីកោះតៃវ៉ាន់ កាលពីឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi៕







