ការដឹកជញ្ជូននៅតំបន់ឈូងសមុទ្រអារ៉ាប់ធ្លាក់ចុះ បន្ទាប់ពីក្រុមហ៊ូទីអះអាងពីការវាយប្រហារនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីត

admin By admin August 7, 2026

(មជ្ឈិមបូព៌ា)៖ ចរាចរណ៍នាវាឆ្លងកាត់ច្រកសមុទ្រ Hormuz និងច្រកសមុទ្រ Bab-el-Mandeb ដែលជាចំណុចតភ្ជាប់ផ្លូវសមុទ្រដ៏សំខាន់ នៅក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ បានថយចុះយ៉ាងខ្លាំង នៅថ្ងៃពុធសប្តាហ៍នេះ បើធៀបនឹងថ្ងៃអង្គារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦។

ទិន្នន័យពីក្រុមហ៊ុនតាមដានការដឹកជញ្ជូនផ្លូវសមុទ្រ Kpler បង្ហាញថាមាននាវាត្រឹមតែ ២គ្រឿងប៉ុណ្ណោះ ដែលបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz រួមមាននាវាដឹកធ្យូងថ្មដោតទង់ជាតិប៉ាណាម៉ា និងនាវាដឹកទំនិញមួយគ្រឿងទៀត ដោយទង់ជាតិ Marshall Islands ថយចុះពីចំនួន ៨គ្រឿង កាលពីថ្ងៃអង្គារ។ នៅឯច្រកសមុទ្រ Bab el-Mandeb វិញ មានតែនាវាដឹកទំនិញស្ងួត ដោតទង់ជាតិបាហាម៉ាមួយគ្រឿងប៉ុណ្ណោះ បានឆ្លងកាត់ច្រកកាលពីថ្ងៃពុធ ធ្លាក់ចុះពីចំនួន ២០គ្រឿង កាលពីថ្ងៃអង្គារ។

ក្រុមហ៊ូទីនៃប្រទេសយេម៉ែន ដែលគាំទ្រដោយអ៉ីរ៉ង់ បានប្រកាសកាលពីថ្ងៃពុធថា ពួកគេបានបាញ់មីស៉ីល លើនាវាដឹកប្រេងមួយគ្រឿងរបស់អារ៉ាប៊ីសាអូឌីត នៅដែនសមុទ្រក្បែរ ទីក្រុងកំពង់ផែ Yanbu របស់អារ៉ាប៊ីសាអូឌីត ជាប់នឹងសមុទ្រក្រហម និងបានបាញ់មីស៉ីលលើនាវាដឹកប្រេង របស់អារ៉ាប៊ីសាអូឌីតមួយគ្រឿងទៀត នៅឈូងសមុទ្រ Aden។ អារ៉ាប៊ីសាអូឌីត មិនទាន់ចេញមកបញ្ជាក់ អំពីហេតុការណ៍ទាំងពីរនេះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *