អ៉ីរ៉ង់ប្រកាសផ្ដល់រង្វាន់ ៣០ ០០០ដុល្លារ សម្រាប់ការសម្លាប់ ឬចាប់ខ្លួនទាហានអាមេរិក

admin By admin August 17, 2026

(តេហេរ៉ង់)៖ យោធាអ៉ីរ៉ង់ នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦ បានប្រកាសផ្ដល់ប្រាក់រង្វាន់ ៣០ ០០០ដុល្លារ សម្រាប់ការសម្លាប់ ឬចាប់ខ្លួនទាហានអាមេរិកម្នាក់ ហើយប្រាក់រង្វាន់នេះនឹងត្រូវបន្ថែមទ្វេដង ប្រសិនបើស្ត្រីម្នាក់សម្លាប់ ឬចាប់បានទាហានអាមេរិកម្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ IRNA ប្រមុខកងទ័ពអ៉ីរ៉ង់ លោក Amir Hatami បាននិយាយថាការប្រកាសផ្ដល់រង្វាន់ខាងលើធ្វើឡើងបន្ទាប់ពីមានសំណើពីមនុស្សជាច្រើនដែលចង់ចូលរួមក្នុងផែនការនេះ។ មកទល់នឹងពេលនេះ គេមិនទាន់ដឹងថាតើមានទាហានអាមេរិកត្រូវបានដាក់ពង្រាយទៅកាន់អ៉ីរ៉ង់អំឡុងសង្រ្គាម ឬក៏យ៉ាងណានោះទេ លើកលែងតែការធ្វើប្រតិបត្តិការជួយសង្រ្គោះជួយសង្រ្គោះពីឡុតម្នាក់ក្រោយ យន្ដហោះចម្បាំងអាមេរិកមួយគ្រឿងត្រូវបានបាញ់ទម្លាក់។

លោក Hatami ក៏មិនបានផ្ដល់ព័ត៌មានលម្អិតថាតើការសម្លាប់ ឬចាប់ខ្លួនទាហានអាមេរិកនឹងត្រូវធ្វើឡើងនៅទីណានោះដែរ? «អ្នកដែលសម្លាប់ ឬចាប់ខ្លួន ហើយប្រគល់ទាហានអាមេរិកម្នាក់ឱ្យអាជ្ញាធរអ៉ីរ៉ង់ នឹងទទួលបានប្រាក់រង្វាន់ ៣០ ០០០ដុល្លារ។ ចំណែក ស្ត្រីអ៉ីរ៉ង់ណាដែលក្លាហានអាចសម្លាប់ ឬចាប់ខ្លួនទាហានអាមេរិកម្នាក់នឹងទទួលបានប្រាក់រង្វានទ្វេដង»។ នេះជាការគូសបញ្ជាក់របស់លោក Hatami។

គួរបញ្ជាក់ថា លោក Hatami ក៏បានលើកឡើងផងដែរថាសហរដ្ឋអាមេរិកត្រូវតែចាកចេញពីតំបន់មជ្ឈិមបូព៌ា ហើយថាសហរដ្ឋអាមេរិកលែងត្រូវបានអនុញ្ញាតឱ្យចូលក្នុងតំបន់ឈូងសមុទ្រពែក្ស ឈូងសមុទ្រអូម៉ង់ ឬក៏ច្រកសមទ្រ Hormuz តទៀតនោះទេ។ សង្រ្គាមរវាងតេហេរ៉ង់ និងវ៉ាស៊ីនតោនបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាសរួមគ្នាលើអ៉ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei និងមន្ត្រីយោធាកំពូលៗរបស់អ៉ីរ៉ង់ជាច្រើននាក់៕

Leave a Reply

Your email address will not be published. Required fields are marked *