អាម៉េរិករំពឹងថានឹងមាននាវាចម្បាំងចូលចតនៅកម្ពុជា និងបង្កើនកិច្ចសហការយោធា ដើម្បីបង្កើនទំនុកចិត្ត លើកកម្ពស់សន្តិសុខតំបន់
សហរដ្ឋអាម៉េរិក បានដាក់ក្ដីរំពឹងថា នឹងមាននាវាចម្បាំងចូលចតនៅមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកកម្ពុជានាពេលខាងមុខ ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីបង្កើនទំនុកចិត្ត និងលើកកម្ពស់សន្តិសុខក្នុងតំបន់។
ក្ដីរំពឹងថ្មីនេះ កើតមានឡើងបន្ទាប់ពីអនុរដ្ឋលេខាធិការក្រសួងសង្គ្រាមលោក John Noh និងជំនួយការរងរដ្ឋលេខាធិការក្រសួងសង្គ្រាមលោក Rafael Leonardo បានជួបជាមួយឧត្តមនាវីទោ ម៉ី ឌីណា ក្នុងដំណើរទស្សនកិច្ចមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក អំឡុងដំណើរទស្សនកិច្ចរបស់ក្រុមមន្ត្រីជាន់ខ្ពស់ក្រសួងសង្គ្រាមអាម៉េរិក មកកាន់កម្ពុជាកាលពីសប្ដាហ៍មុន។
បើតាមស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ក្នុងដំណើរទស្សនកិច្ចនោះ អនុរដ្ឋលេខាធិការក្រសួងសង្គ្រាម លោក John Nohនិង មេបញ្ជាការមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក បានពិភាក្សាអំពីអនាគតនៃទំនាក់ទំនងកិច្ចការពារជាតិរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា។
ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែសីហា សរសេរលើទំព័រហ្វេសប៊ុកដូច្នេះថា៖«សហរដ្ឋអាមេរិក រំពឹងថានឹងមានដំណើរទស្សនកិច្ចនាវាចម្បាំង និងការកើនឡើងនូវកិច្ចសហប្រតិបត្តិការយោធា នាពេលខាងមុខ ដើម្បីបង្កើនទំនុកចិត្ត ក៏ដូចជាលើកកម្ពស់សន្តិសុខក្នុងតំបន់។»។
កាលពីអតីតកាល មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក បានក្លាយជាទីដ៏ចម្រូងចម្រាស់ និងញ៉ាំញីដោយការយល់ច្រឡំពីសំណាក់សហរដ្ឋអាម៉េរិកមកលើកម្ពុជា ចំពោះគោលបំណងនៃការប្រើប្រាស់មូលដ្ឋានមួយនេះ។ យ៉ាងណាក្តី នៅថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក ក្នុងខែមេសា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍រាល់នាវារបស់ប្រទេសជាមិត្តដែលមានកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិជាមួយកម្ពុជា អាចចូលចត ព្រោះមូលដ្ឋាននេះគ្មានអ្វីលាក់លៀមឡើយ។
ចាប់តាំងពីការប្រកាសនោះ នាវាជប៉ុនចំនួន២គ្រឿងបាន ចូលចតដំបូងគេបង្អស់ បន្ទាប់មកនាវាវៀតណាម និងចុងក្រោយ គឺជានាវារបស់សហរដ្ឋអាម៉េរិក USS Cincinnati បានចូលចតនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
ក្នុងពេលនាវាអាម៉េរិកចូលចត មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ ប៉ាស៊ីហ្វិក នៃសហរដ្ឋអាម៉េរិក នាយឧត្ដមនាវី Samuel Paparo ក៏បានបំពេញទស្សនកិច្ចនៅកម្ពុជា និងបានប្រកាសចេញពីមូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹកថា សមយុទ្ធឆ្មាំអង្គរ ររវាងកងទ័ពអាម៉េរិកជាមួយកងទ័ពកម្ពុជា អាចនឹងចាប់ផ្ដើមឡើងវិញនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ បន្ទាប់ពីផ្អាកជិត១០ឆ្នាំ។
ចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ត្រូវបានគេកត់សម្គាល់ឃើញថា បានខិតមកកៀកគ្នាវិញជាងមុន ហើយមន្ត្រីជាន់ខ្ពស់កាន់កិច្ចការការក្នុងវិស័យការពារជាតិរបស់អាម៉េរិកបានបំពេញទស្សនកិច្ចនៅកម្ពុជាជាញឹកញាប់៕

