ថៃ ព្រមានឲ្យ ២៧ខេត្ត ត្រៀមខ្លួនទទួលព្យុះភ្លៀងដ៏ខ្លាំង អាចបង្កជំនន់រហ័ស និងបាក់ដីធ្ងន់ធ្ងរ

admin By admin August 28, 2026

នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមាន ឲ្យខេត្តចំនួន២៧ ត្រូវត្រៀមខ្លួន ទទួលព្យុះភ្លៀងដ៏ខ្លាំងក្លា ដែលនឹងវាយប្រហារ នៅចុងសប្តាហ៍នេះ អាចបង្កជាជំនន់រហ័ស និងគ្រោះបំណាក់ដី។

តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ព្យុះភ្លៀងដ៏ខ្លាំងនេះ នឹងបោកបក់ដល់ថ្ងៃអាទិត្យ ដែលប៉ះចំធ្ងន់ធ្ងរលើតំបន់ភាគខាងកើត ខាងជើង និងកណ្តាល។

ក្នុងចំណោមខេត្តទាំង២៧ ខេត្តភាគខាងជើង គឺជាកន្លែងដែលនឹងរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ជាពិសេសខេត្ត Mae Hong Son, Chiang Mai, Chiang Rai, Tak, Phitsanulok និង Phetchabunដែលនៅទីនោះ ក៏នឹងមានបាតុភូតខ្យល់កន្ត្រាក់ លាយឡំជាមួយផ្គររន្ទះ ផងដែរ។

ដូច្នេះហើយ នាយកដ្ឋានខាងលើ បានព្រមានដល់ពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគ្រោះបំណាក់ដី និងជំនន់រហ័ស ដែលអាចវាយប្រហារគ្រប់ពេល។

ការព្រមាននេះកើតឡើង ស្របពេលពិភពលោក កំពុងស្លុតចិត្តនឹងមហាវិនាសកម្ម គ្រោះបំណាក់ដីភក់ ​នៅព្រំដែន ចិន-នេប៉ាល់ ដែលសម្លាប់មនុស្សជិត ៤០០នាក់ ខណៈ ៩១០នាក់ទៀតកំពុងបាត់ខ្លួន។

ជំនន់ល្បាប់ភក់ដ៏ខ្លាំងក្លា បានហូរបុកយ៉ាងសាហាវ កម្ទេចច្រកព្រំដែន Gyirong Port ដែលជាច្រកពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់រវាងចិន និងនេប៉ាល់។

ផ្ទះសម្បែង និងភូមិឋានទាំងមូល នៅតាមបណ្តោយអាងទន្លេ Bhote Koshi និង Trishuli ត្រូវបាន ជំនន់ភក់ ដែលមានកម្ពស់ស្មើអគារច្រើនជាន់ ហូរលេបត្របាក់ និងកប់នៅក្រោមល្បាប់ភក់ ខណៈប្រជាពលរដ្ឋជាង ១ ២០០ នាក់មកពីភូមិចំនួនបី ត្រូវផ្លាស់ទីលំនៅ ហើយសាលារៀនយ៉ាងតិច ២០ ខ្នងរងការខូចខាត៕

A mud-covered building following a flash flood at Trishuli in Nuwakot district, Nepal, August 26, 2026. REUTERS/Navesh Chitrakar

Leave a Reply

Your email address will not be published. Required fields are marked *