«ថៃត្រូវឆ្លុះកញ្ចក់មើលខ្លួនឯងសិន មុនចោទកម្ពុជា»

admin By admin August 28, 2026

បើអានតែសាររបស់ប្រធានមជ្ឈមណ្ឌលព័ត៌មានរួម(JIC) ថៃ-កម្ពុជា ដែលជំរុញឱ្យកម្ពុជាបញ្ឈប់ការគំរាមកំហែង និងត្រឡប់មកតុចរចា វាអាចបង្កើតការយល់ឃើញដោយច្រឡំថា ថៃ គឺជាភាគីដែលកំពុងអំពាវនាវរកសន្តិភាព ខណៈកម្ពុជា គឺជាភាគីដែលកំពុងគំរាមប្រើកម្លាំងដាក់ថៃ។ តើអាចទៅរួចដែរទេថាកម្ពុជាដែលជាភាគីចង់បានសន្តិភាព ទៅគំរាមកំហែង ថៃដែលជាភាគីចង់តែសង្រ្គាមនោះ? ឥឡូវ ដើម្បីឱ្យយល់ពីបញ្ហានេះកាន់តែច្បាស់ យើងត្រឡប់ទៅមើលសារជាសាធារណៈជាបន្តបន្ទាប់របស់មន្រ្តីយោធាថៃដែលចុះផ្សាយដោយសារព័ត៌មានថៃខ្លួនឯង។

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ សារព័ត៌មានថៃ The Nation Thailand បានរាយការណ៍ដោយដកស្រង់សម្តីមេបញ្ជាការកងទ័ពភូមិភាគទី២ថា ប្រសិនបើមានការប៉ះទង្គិច«ជុំទី៣» កត្តាដូចជា readiness, speed and superior equipment (កាត្រៀមខ្លួនបានល្អ ល្បឿននៃការប្រយុទ្ធ និងគ្រឿងសព្វាវុធទំនើបបំផុត) នឹងមានសារៈសំខាន់ក្នុងការសម្រេចលទ្ធផល។ មួយខែក្រោយមក គឺថ្ងៃទី២០ ខែកក្កដា The Nation Thailand ក៏បានរាយការណ៍ថា កងទ័ពថៃ “ready across land, sea and air” (ការត្រៀមប្រយុទ្ធជាស្រេច លើគ្រប់សមរភូមិ គោក ទឹក និងអាកាស)។ សារនេះ ត្រូវបានផ្សព្វផ្សាយចេញពីលោក Prapas Sonchaidee ដែលជាប្រធានមជ្ឈមណ្ឌលព័ត៌មានរួម(JIC) ថៃ-កម្ពុជា ផ្ទាល់។ តើសារទាំងអស់នេះ វាមានន័យដូចម្តេច? តើវាអាចចាត់ទុកថាជាការគំរាមរបស់ភាគីថៃដែរ ឬទេ?

ចំណែក នៅថ្ងៃទី១៨ ខែឧសភា សារព័ត៌មានថៃមួយទៀតឈ្មោះ Khaosod English ក៏បានរាយការណ៍ពីការត្រួតពិនិត្យ combat readiness(ត្រៀមខ្លួនប្រយុទ្ធ) និងការហ្វឹកហាត់យោធាតាមព្រំដែនកម្ពុជា–ថៃ ដែលរួមមាន ការប្រើ drone ការវាយលុកទីតាំងរឹងមាំ និងការធ្វើបច្ចុប្បន្នភាពផែនការឆ្លើយតបចំពោះការគំរាមកំហែងនាពេលអនាគត។ មិនតែប៉ុណ្ណោះ នៅថ្ងៃទី២៣ ខែមិថុនា សារព័ត៌មានថៃ The Nation Thailand បានរាយការណ៍ពីការហោះហ្វឹកហាត់របស់យន្តហោះចម្បាំង F-16 ពេលយប់ ដើម្បីរក្សា“24-hour readiness” (ត្រៀមខ្លួនប្រយុទ្ធ២៤ម៉ោងលើ២៤ម៉ោង) ខណៈស្ថានការណ៍តាមព្រំដែនត្រូវបានតាមដាន។ សារនេះ វាផ្សារភ្ជាប់គ្នាទៅនឹងសម្តីរបស់រដ្ឋមន្រ្តីការពារជាតិថៃ ដែលលើកឡើងអំពីគោលនយោបាយផ្តោតលើការពង្រឹង combat readiness of the armed forces (ការត្រៀមខ្លួនប្រយុទ្ធរបស់កម្លាំងយោធា) ដែលចុះផ្សាយដោយសារ The Nation Thailand កាលពីថ្ងៃទី២៤ ខែមេសា កន្លងទៅ។

គួររំលឹកឡើងវិញបន្តិចថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥ ពោល គឺមុនថៃបើកការវាយប្រហារឈ្លានពានកម្ពុជាជាលើកទី២ The Nation Thailand បានចុះផ្សាយព័ត៌មានមួយមានចំណងជើងថា “Army says ready to fight Cambodia 24 hours”(យោធាថៃនិយាយថា បានត្រៀមខ្លួនរួចរាល់ក្នុងការវាយប្រហារកម្ពុជា២៤ម៉ោងលើ២៤ម៉ោង) ហើយរាយការណ៍ពីការត្រៀមកម្លាំងនៅព្រំដែន។ នៅខែវិច្ឆិកា ឆ្នាំដដែល ក៏មានការរាយការណ៍អំពីការរក្សា maximum combat readiness (ការត្រៀមខ្លួនប្រយុទ្ធកម្រិតខ្ពស់បំផុត) តាមព្រំដែន។ មិនត្រឹមតែសារព័ត៌មានថៃទេ សូម្បីសារព័ត៌មានល្បីរបស់សិង្ហបុរី CNA បានដកស្រង់សម្តីរបស់លោក អនុទីន នាយករដ្ឋមន្រ្តីថៃ​ទៅចុះផ្សាយដែរថា ៖ “We are ready to fight.”។ សួរថា សារទាំងនេះចៃដន្យមែនទេ? មិនអាចនិយាយថាចៃដន្យបានទេ ព្រោះក្រោយផ្សព្វផ្សាយគំរាមកំហែងនេះហើយ យោធាថៃក៏បានបើកការឈ្លានពានកម្ពុជាលើកទី២ នៅថ្ង្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥។

ខ្ញុំយល់ថា លោក Prapas Sonchaidee ប្រធានមជ្ឈមណ្ឌលព័ត៌មានរួម(JIC) ថៃ-កម្ពុជា គួរតែទៅពិនិត្យមើលសម្តីរបស់ខ្លួនឯង សាររបស់មេថ្នាក់ដឹកនាំខ្លួន និងក្រុមយោធាថៃ ដែលបាននិយាយចេញ និងត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានថៃខ្លួនឯង មុននឹងមកនិយាយជំរុញឱ្យកម្ពុជាបញ្ឈប់ការគំរាមកំហែង និងត្រឡប់មកតុចរចា។ ការអំពាវនាវឱ្យប្រើការចរចា និងយន្តការទ្វេភាគី គឺជាគោលការណ៍ដែលគួរតែគាំទ្រ។ ប៉ុន្តែ ការបង្ហាញកម្ពុជាតែម្ខាងថាជាអ្នកប្រើ «threats instead of dialogue» មិនបង្ហាញបរិបទទាំងមូលនៃសារសាធារណៈដែលចេញពីភាគីថៃនោះទេ។ ក្នុងឆ្នាំ២០២៦ តែមួយ សារព័ត៌មានថៃបានផ្សាយអំពីមន្ត្រី និងកងកម្លាំងថៃដែលនិយាយពី combat readiness, third round of clashes, 24-hour readiness, readiness across land-sea-air និង“ready to fight”។ តើនេះកម្ពុជាគំរាមកំហែងថៃ ឬថៃគំរាមកំហែងកម្ពុជា?

ជាការពិតណាស់ ថៃក៏ធ្លាប់មានសារអំពីការចរចាផងដែរ ជាក់ស្តែង ដូចជានៅក្នុងកិច្ចប្រជុំ RBC បានបញ្ជាក់ពីការដោះស្រាយបញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិច។  ដូច្នេះ ចំណុចសំខាន់បំផុតនៅពេលនេះ គឺសារជាសាធារណៈរបស់ភាគីថៃមានភាពផ្ទុយគ្នា គឺម្ខាងអំពាវនាវឱ្យកម្ពុជាបោះបង់ភាសាគំរាមកំហែង និងត្រឡប់ទៅចរចា តែម្ខាងទៀត មន្ត្រី និងស្ថាប័នយោធាថៃខ្លួនឯងបានប្រើភាសាអំពីការត្រៀមប្រយុទ្ធ និងបន្តបង្ហាញសមត្ថភាពយោធាជាញឹកញាប់។

ចរចា គឺចរចា ការគំរាមកំហែង គឺគំរាមកំហែង ហើយសារទាំងពីរនេះ មិនគួរត្រូវបានយកមកប្រើពីរបៀបផ្សេងគ្នា ដើម្បីវាយតម្លៃភាគីម្ខាងទៀត។ ប្រសិនបើគោលដៅពិតប្រាកដ គឺសន្តិភាព កិច្ចការសំខាន់បំផុត គឺឱ្យសាររបស់ភាគីទាំងពីរស្របគ្នារវាងពាក្យសម្តី និងសកម្មភាព៕

Leave a Reply

Your email address will not be published. Required fields are marked *