អាមេរិក បន្តវាយប្រហារអ៊ីរ៉ង់ បាញ់ចំទាំងពិធីរៀបមង្គលការ ស្លាប់មនុស្ស ៤នាក់ និងរបួស ៥០នាក់

admin By admin September 2, 2026

សហរដ្ឋអាមេរិក បានបើកការវាយប្រហារថ្មីលើអ៊ីរ៉ង់ ពីរថ្ងៃជាប់គ្នាហើយ ដោយក្នុងការវាយប្រហារចុងក្រោយនេះ កងកម្លាំង CENTCOM បានបាញ់សន្ធាប់ច្រើនទីតាំង ក្នុងនោះ បាញ់ចំទាំងពិធីរៀបមង្គលការមួយផងដែរ នៅលើកោះ Sirik ភាគខាងត្បូង បណ្តាលឲ្យមនុស្ស ៤នាក់បាត់បង់ជីវិត និង ៥០នាក់ទៀតរងរបួស ខណៈក្នុងចំណោមអ្នកស្លាប់ មានទាំងកុមារ អាយុ ៤ឆ្នាំម្នាក់ ទៀតផង។

តាមការផ្សាយរបស់ BBC នៅថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ដែលដកស្រង់ប្រភពពីសារព័ត៌មានរដ្ឋអ៊ីរ៉ង់, អាមេរិកបានបាញ់ប្រហារលើទីតាំងនានានៅកោះ Sirik និង Qeshm ព្រមទាំងទីក្រុង Bandar Abbas, Chabahar និង Konarak។

ស្របពេលជាមួយគ្នានោះ អាកាសយានដ្ឋានមួយ ក្នុងទីក្រុង Jiroft ក៏រងការទម្លាក់គ្រាប់បែក យ៉ាងដំណំផងដែរ។

ការវាយប្រហារនេះកើតឡើង មួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ គំរាមវាយអ៊ីរ៉ង់ឱ្យចាស់ដៃជាការសងសឹក បន្ទាប់ពីមូលដ្ឋានទ័ពអាមេរិក នៅប្រទេសហ្ស៊កដានី ត្រូវបានកំណត់គោលដៅ។

ក្នុងកិច្ចសម្ភាសតាមទូរស័ព្ទ ជាមួយអ្នកកាសែត Trey Yingst មកពីទូរទស្សន៍ Fox News, ​ប្រមុខសេតវិមាន គំរាមទៅអ៊ីរ៉ង់ថា៖ «នឹងមានការឆ្លើយតប! យើងនឹងវាយពួកគេឲ្យចាស់ដៃតែម្តង»។ 

យ៉ាងណា ប្រធានាធិបតីអាមេរិក នៅតែបញ្ជាក់ពីការបន្តបើកចំហទ្វារ ចំពោះកិច្ចចរចា ហើយលោកអះអាងថា ពេលនេះ អ៊ីរ៉ង់កំពុងវេទនាខ្លាំងណាស់ ដោយសារតែទណ្ឌកម្មដែលយើងដាក់។

រឿងនេះទៀតសោតកើតឡើង បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បើកការវាយប្រហារដាក់គ្នា សាជាថ្មី រុញសភាពការណ៍មជ្ឈិមបូព៌ា ឲ្យតានតឹងឡើងវិញ ក្រោយធូរស្រាលបានប្រមាណ មួយខែប៉ុណ្ណោះ។

តាមការផ្សាយរបស់ CNN, សហរដ្ឋអាមេរិក បានបញ្ជាដ្រូនទៅទម្លាក់គ្រាប់បែក លើទីតាំងចំនួន២ របស់កងឆ្មាំបដិវត្តន៍ (IRGC) លើកោះ Larak គោលបំណងកម្ទេចមូលដ្ឋានបាញ់មីស៊ីល។

ជុំវិញរឿងនេះ អ្នកនាំពាក្យទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) លោក Tim Hawkins អះអាងថា វាគឺជាការវាយប្រហារបង្ការទុកជាមុន ព្រោះខ្លួនមើលឃើញថា IRGC កំពុងរៀបចំដាក់ពង្រាយមីនសមុទ្រ ចូលទៅច្រក Hormuz ក្នុងបំណង បំផ្ទុះកប៉ាល់ពាណិជ្ជកម្ម៕

Leave a Reply

Your email address will not be published. Required fields are marked *