រុស្ស៊ី​ លួច​ជួយ​អ៊ីរ៉ង់​អភិវឌ្ឍមីស៊ីលល្បឿនលឿនជាង​​សំឡេង​​ដោយ​សម្ងាត់​ សម្រាប់​​ប្រឆាំំង​​អាមេរិក​ក្នុងសង្គ្រាម​

admin By admin September 3, 2026

រុស្ស៊ី​បាន​​ជួយ​អ៊ីរ៉ង់​ដោយសម្ងាត់​ក្នុងការអភិវឌ្ឍមីស៊ីល​ល្បឿនលឿន​ជាងសំឡេង ដែល​អាចគំរាមកំហែង​ដល់នាវាចម្បាំង​អាមេរិក​នៅ​មជ្ឈិម​បូព៌ា។

យោង​តាមកាសែត Financial Times ផ្សាយ​នៅ​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០២៦ អ្នកជំនាញ​និយាយថា ការផ្ទេរ​បច្ចេក​វិទ្យាយោធា​ទៅឲ្យ​ទីក្រុងតេហេរ៉ង់ គឺ​ត្រូវតែ​មានការអនុញ្ញាត​ពីថ្នាក់​ដឹកនាំកំពូល​នៃវិមានក្រឹម​ឡាំង។

កម្មវិធី​នេះ ​ត្រូវ​បាន​សន្មតិ​ឈ្មោះ​ «C340L»​ បាន​​ចាប់ផ្តើមនៅឆ្នាំ ២០២៣ ហើយ​បានបន្តពេញ​មួយសង្គ្រាមរបស់​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ​​ដែល​អាច​បង្កើន​លទ្ធភាព​ប្រឆាំង​​នឹង​​នាវាផ្ទុកយន្តហោះ និងនាវាចម្បាំង​​ផ្សេងទៀតរបស់​សហរដ្ឋ​អាមេរិក​ដែល​ប្រតិបត្តិការ​ក្នុងសង្គ្រាម​​​នៅមជ្ឈិមបូព៌ា​ ហើយ​អាចត្រូវបានកំណត់​គោលដៅ។

កម្មវិធី​នេះ​ ក៏​ជួយអ៊ីរ៉ង់​អភិវឌ្ឍប្រព័ន្ធ​រុញច្រាន ramjet ដែល​ជាម៉ាស៊ីន​​សម្រាប់​អនុញ្ញាត​ឱ្យមីស៊ីលហោះ​លឿនជាង​ល្បឿនសំឡេង​។

លោក Jim Lamson អតីត​អ្នកវិភាគ​យោធា​​នៃ​​ CIA សហរដ្ឋ​អាមេរិក និយាយ​ថា៖ «​សម្រាប់​ជន​ជាតិ​អ៊ីរ៉ង់​ កម្មវិធី​នេះ​​នឹង​ផ្តល់​ឱ្យពួកគេនូវប្រព័ន្ធអាវុធ​យុទ្ធសាស្ត្រថ្មី​ដែលមាន​គុណភាព ហើយ​អាចគំរាមកំហែងដល់នាវា​​កងទ័ពជើង​ទឹក​អាមេរិក។ មីស៊ីល​ល្បឿនលឿន​​ជាងសំឡេង​ ពិបាកស្ទាក់ចាប់ខ្លាំង​ណាស់ ពីព្រោះវា​ហោះ​នៅរយៈកម្ពស់​ទាប ដើម្បី​លាក់ខ្លួន​ពីរ៉ាដា ក្នុង​ល្បឿនរហូត​ដល់ ៣ ៥៤០​គីឡូ​ម៉ែត្រ​ក្នុងមួយម៉ោង»​។

យ៉ាង​ណា ទោះ​បីជាអ៊ីរ៉ង់បាន​សាងសង់ និងសាកល្បងប្រព័ន្ធ​រុញច្រាន ramjet ក៏ដោយ ក៏មិនមាន​ភស្តុតាងណាមួយ​ បង្ហាញថា​ វាត្រូវបានដាក់​ពង្រាយ​នៅ​ក្នុងសមរភូមិនោះទេ​។

លោក Fabian Hinz អ្នក​ជំនាញខាងមីស៊ីលអ៊ីរ៉ង់ និយាយថា៖ « ​កម្ម​វិធី​នេះ គឺជាការផ្ទេរបច្ចេកវិទ្យាយោធាដ៏​រសើបខាងយុទ្ធសាស្ត្រខ្ពស់​ពីប្រទេសរុស្ស៊ី ដែល​អ៊ីរ៉ង់ចង់ទទួលបាន​អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ​។ កម្មវិធីបែបនេះ​នឹងតម្រូវឱ្យមានការយល់ព្រម​ពីថ្នាក់លើក្នុង​ប្រទេសរុស្ស៊ី»។

គួរ​បញ្ជាក់​ថា របបអ៊ីរ៉ង់បានផ្គត់ផ្គង់ដ្រូន​ Shahed kamikaze របស់ខ្លួន​ដល់ទីក្រុងមូស្គូ​សម្រាប់ការទម្លាក់គ្រាប់បែក​ពេលយប់លើ​ទីក្រុងអ៊ុយក្រែន ខណៈរុស្ស៊ីបានផ្តល់ព័ត៌មានស៊ើបការណ៍​សម្ងាត់ដែលអនុញ្ញាតឱ្យទីក្រុង​តេហេរ៉ង់​ វាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅ​មជ្ឈិមបូព៌ា៕

Leave a Reply

Your email address will not be published. Required fields are marked *