ធនាគារជាតិនៃកម្ពុជា ច្រានចោលព័ត៌មានចចាមអារ៉ាម ដែលថាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនកំពុងប្រឈម ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលព័ត៌មានចចាមអារ៉ាម និងព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយលើកឡើងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនកំពុងប្រឈម ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ព័ត៌មានទាំងនេះមិនមានមូលដ្ឋានពិតប្រាកដឡើយ ហើយអាចបង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់ផលប្រយោជន៍សាធារណជន ក៏ដូចជាទំនុកចិត្តលើប្រព័ន្ធធនាគារទាំងមូល។
ក្នុងសេចក្តីថ្លែងការណ៍នោះ ធនាគារជាតិនៃកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយ និងការបំភ្លៃព័ត៌មានមិនពិតដោយចេតនា ក្នុងគោលបំណងធ្វើវិទ្ធង្សនាសេដ្ឋកិច្ច។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលពាក់ព័ន្ធ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនេះ។
ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា សូមអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យជៀសវាងការផ្សព្វផ្សាយ ឬចែករំលែកបន្តនូវព័ត៌មានដែលមិនមានប្រភពច្បាស់លាស់។ សាធារណជនគួរតែធ្វើការផ្ទៀងផ្ទាត់ព័ត៌មានតាមរយៈប្រភពផ្លូវការ ជាពិសេសពីធនាគារជាតិនៃកម្ពុជាផ្ទាល់ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងរក្សាបាននូវស្ថិរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា៕
