អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យវាយតម្លៃផលប៉ះពាល់ដំណាំស្រូវខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុកបាកាន
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ់ និងអាជ្ញាធរស្រុកបាកាន ចុះពិនិត្យដោយផ្ទាល់ នូវដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលទទួលរងផល់ប៉ះពាល់ និងខូចខាតដោយសារជំនន់ទឹកភ្លៀង ក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក ខូយ រីដា បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត គឺនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលមានគ្រោះធម្មជាតិ ដើម្បីជួយសង្គ្រោះ និងដោះស្រាយបញ្ហាប្រឈមនានាជូនពលរដ្ឋបានទាន់ពេលវេលា។
លោកបានបន្ថែមថា ក្នុងនាមជាអាជ្ញាធរដែនដី លោកតែងតែចុះពិនិត្យមើលតម្លៃ និងស្វែងរកដំណោះស្រាយ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅចំពោះមុខ ព្រមទាំងគិតគូរពីបញ្ហាស្បៀងអាហារ និងការស្តារឡើងវិញផងដែរ។
យោងតាម របាយការណ៍ស្តីពីការរងគ្រោះដោយទឹកជំនន់ចំនួន ៨ភូមិ ស្មើនឹង ១៤៥គ្រួសារ ក្នុងមូលដ្ឋាន ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅចន្លោះថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅក្នុង មូលដ្ឋានស្រុកបាកានមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ និងចំណែកមកពីស្ទឹងផ្គរលាន់ ស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ និងមួយចំណែកមកពីព្រែកជីក ស្រុកមោងឫស្សី នៃខេត្តបាត់ដំបង។
ស្ថានភាពទឹក ជំនន់នេះ បណ្តាលឱ្យមានការជន់លិចនៅនៅក្នុងឃុំស្វាយដូនកែវចំនួន ៨ភូមិ ស្មើនឹង ១៤៥គ្រួសារ និងខូចខាត ដំណាំស្រូវក្នុងដំណាក់កាល ត្រៀមប្រមូលផលលើផ្ទៃដីចំនួន ៤១៧,៥០ហិកតា តែមិនមានបង្កឱ្យប៉ះពាល់ដល់ អាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ៕







