លោក ត្រាំ ថាសហរដ្ឋអាមេរិកកំពុងពិភាក្សាជាមួយរុស្ស៊ីនិងចិន អំពីការរំសាយអាវុធនុយក្លេអ៊ែរ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦ថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិភាក្សាជាមួយទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ក្នុងគោលបំណងរំសាយអាវុធនុយក្លេអ៊ែរនៃក្រុមប្រទេសមហាអំណាចដែលមានអាវុធនុយក្លេអ៊ែរច្រើនជាងគេបង្អស់ នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល (SIPRI) រុស្ស៊ីជាប្រទេសមានចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលរក្សាទុកក្នុងឃ្លាំងច្រើនជាងគេបំផុត បន្ទាប់មកគឺសហរដ្ឋអាមេរិក និងចិន។ ចំណែកសហរដ្ឋអាមេរិកវិញ គឺជាប្រទេសមានចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលដាក់ពង្រាយរួចហើយ ច្រើនជាងរុស្ស៊ី។
លោក ត្រាំ បានប្រាប់សារព័ត៌មាន Newsmax ថា «ស្ថានភាពទាំងមូលនេះ គួរឱ្យសោកស្តាយណាស់ ព្រោះខ្ញុំពិតជាចង់រំសាយអាវុធនុយក្លេអ៊ែរ ប្រសិនបើអាចធ្វើទៅបាន។ ប៉ុន្តែតាមពិត យើងកំពុងពិភាក្សាជាមួយរុស្ស៊ីអំពីបញ្ហានេះ ហើយក៏កំពុងពិភាក្សាជាមួយចិន អំពីការរំសាយអាវុធនុយក្លេអ៊ែរផងដែរ»។ សារព័ត៌មាន Newsmax បានរាយការណ៍ថា លោក ត្រាំ បានពិភាក្សាអំពីបញ្ហានេះជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ត្រាំ គឺប៉ុន្មានខែបន្ទាប់ពីសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ ហៅថា New START បានផុតសុពលភាព កាលពីដើមឆ្នាំនេះ។ សន្ធិសញ្ញា New START ដែលបានចុះហត្ថលេខាដំបូងកាលពីក្នុងឆ្នាំ២០១០ អនុញ្ញាតឱ្យមានការពន្យារសុពលភាពតែម្តងប៉ុណ្ណោះ ដែលត្រូវបានប្រើរួចទៅហើយដោយ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន សម្រាប់រយៈពេល៥ឆ្នាំ។ ការពន្យារសុពលភាពសន្ធិសញ្ញានេះណាមួយថែមទៀត នឹងតម្រូវឱ្យមានការសម្រេចចិត្តថ្មី ពីអំណាចប្រតិបត្តិនៃប្រទេសទាំងពីរ ដើម្បីបន្តអនុវត្តដោយស្ម័គ្រចិត្ត នូវដែនកំណត់ដែលមានចែងក្នុងសន្ធិសញ្ញា៕


