សម្ដេច​ ឃួន សុដារី ជំរុញ​ដល់​មន្ត្រី​ប្រើ​ AI ជា​ការ​ជំនួយ​ តែ​ក៏​ត្រូវ​បង្កើន​សមត្ថភាព​នៃ​ចំណេះ​ដឹង​របស់​ខ្លួន​ផង​ដែរ​​

admin By admin October 20, 2026

ប្រធាន​សភា​កម្ពុជា​ សម្ដេច​សភា​ធិបតី ឃួន សុដារី បាន​ជំរុញ​ដល់​សមាជិក​សភា និង​មន្ត្រី​រដ្ឋបាល​ទាំង​អស់​ឱ្យ​សិក្សា​និង​ប្រើប្រាស់​បច្ចេកវិទ្យា​ AI ជាមួយ​នឹង​ការ​បង្កើន​សមត្ថភាព​ចំណេះ​ដឹង​របស់​ខ្លួន​។ សម្ដេច​ថា​ការ​ប្រើ AI ជា​រឿង​ល្អ​តែ​អ្នក​ប្រើប្រាស់​ក៏​ត្រូវ​មាន​សមត្ថភាព​វិភាគ​យល់​ដឹង​ពី​ព័ត៌មាន​ដែល​ AI បាន​ផ្ដល់​ផង​ដែរ​។

ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​ ការ​អភិវឌ្ឍ​សភា​អេឡិចត្រូនិក នៅ​សាល​សន្និសីទ​សភា​ ព្រឹក​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០២៦ សម្ដេច​សភា​ធិបតី ឃួន សុដារី មាន​ប្រសាសន៍​ថា​ ការ​វិវត្តន៍​នៃ​បច្ចេកវិទ្យា បញ្ញា​សិប្បនិមិត្ត​​ AI តម្រូវ​ឱ្យ​មនុស្ស​ត្រូវ​ចាប់​យក​ឱ្យ​ទាន់​នូវ​ការ​រីកចម្រើន​នេះ​ដើម្បី​បម្រើ​នូវ​ប្រយោជន៍​ការងារ​របស់​ខ្លួន​ យ៉ាង​ណា​ក្ដី​ក៏​ត្រូវ​មាន​សមត្ថភាព​វិភាគ​ និង​ព័ត៌មាន​ផងដែរ​ ព្រោះ​ថា​ព័ត៌មាន​ដែល AI បាន​ផ្ដល់​ឱ្យ​មួយ​ចំនួន​មិន​ប្រាដក​ថា​ជាក់លាក់​នោះទេ​។

សម្ដេច​បន្ថែម​ថា៖ «ក្រសួង​ណា​ក៏​ដូច​ក្រសួង​ណា​ដែរ​គេ​ប្រើ​ AI គ្រាន់​តែ​គេ​ធ្វើ​ជា​ម្ចាស់​លើ AI។ [..] តែ​បើ​យើង​ប្រើ​វា​ទាំង​អស់​ដោយ​មិន​យក​ការងារ​ជាក់​ស្ដែង​ទៅ​បំពេញ​បន្ថែម​គឺ​អត់​ទេ។ ជាក់​ស្ដែង​វា​ឆ្លាត​​ វា​ចេះ​ជួយ​យើង​ វា​ជា​សេនាធិការ​ជួយ​យើង​តែ​បើ​វា​ទាំង​ស្រុង​ដោយ​យើង​គ្មាន​ចំណេះ​ដឹង​ខាង​ហ្នឹង​ប្រាកដ​ទៅ​ហើយ​»។

បើ​តាម​សម្ដេច​សភា​ធិបតី​បច្ចុប្បន្ន​មន្ត្រី​រាជការ​ដែល​បម្រើ​ការ​នៅ​សភាជាតិ​មាន​ប្រមាណ​ ១ ៣០០នាក់​។

ក្នុង​ឱកាស​នោះ​ដែរ​សម្ដេច​ក៏​បាន​បញ្ជាក់​ពី​ការ​ប្រែ​ខ្លួន​របស់​សភា​កម្ពុជា​ទៅ​ជា​សភា​ឌីជីថល​នា​ពេល​ខាង​មុខ​ឆ្លើយ​តប​នឹង​ភាព​ចាំ​បាច់​ក្នុង​ការ​លើក​កម្ពស់​តម្លាភាព​ គណនេយ្យភាព និង​ប្រសិទ្ធភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ ក៏​ដូច​ជា​ការ​ងារ​នីតិ​ប្បញ្ញត្តិ​។ ការធ្វើបរិវត្តកម្មនេះ គឺ​ជា​កម្លាំង​ចលករដ៏សំខាន់ក្នុងការលុបបំបាត់របាំងការិយាធិបតេយ្យ កាត់បន្ថយការប្រើប្រាស់ក្រដាស សន្សំ​សំចៃ​ពេលវេលា ព្រមទាំង​ជាស្ពាន​តភ្ជាប់​ប្រកប​ដោយ​នវានុវត្តន៍​ក្នុងការ​ធ្វើ​ឱ្យ​ស្ថាប័ន​សភា​កាន់​តែ​មាន​ភាព​រហ័សរហួន និងរស់រវើកក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *