លោក ត្រាំ បើកជំហ ចួប លោក ស៊ី ជីនពីង និង លោក ពូទីន ផ្តោតលើការលុបបំបាត់អាវុធនុយក្លេអ៊ែរ
ជាលើកទី២ ហើយ ដែល ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ លើកឡើងអំពីបញ្ហាអាវុធនុយក្លែអ៊ែរជាមួយមហាអំណាច ដោយកាលពីថ្ងៃចន្ទ ទី១៩ ខែតុលា លោកបញ្ជាក់ថា លោកបើកចំហ ចំពោះកិច្ចប្រជុំត្រីភាគីជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅខែក្រោយ ដោយមានរបៀបវារៈអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post។
លោក ត្រាំ ប្រាប់អ្នកយកព័ត៌មាននៅក្រៅសេតវិមានមុនពេលធ្វើដំណើរទៅកាន់រដ្ឋ Kansas ថា៖ «យើងចង់និយាយពីអាវុធនុយក្លេអ៊ែរ និងការរំសាយអាវុធនុយក្លេអ៊ែរ។ ប្រសិនបើប្រធានាធិបតី ស៊ី ជីនពីង ចង់ឱ្យមានវា [របៀបវារៈអាវុធនុយក្លេអ៊ែរ] ខ្ញុំនឹងមានវា។
លោក ត្រាំ បាននិយាយថា កិច្ចប្រជុំស្នើឡើងនេះគឺជាការស្នើរបស់លោក ភ្ជាប់ទៅនឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅខែវិច្ឆិកា ប៉ុន្តែមិនទាន់មានការព្រមព្រៀងគ្នាពីកាលបរិច្ឆេទ ឬរបៀបវារៈណាមួយនៅឡើយទេ។
យ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយកាលពីសប្តាហ៍មុនថា កិច្ចពិភាក្សាបែបនេះនឹងមានប្រយោជន៍។
លោក ត្រាំ បន្ត៖ «ប្រសិនបើយើងអាចសម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរ នោះខ្ញុំនឹងបានធ្វើអំពើល្អដ៏ធំធេងមួយសម្រាប់ពិភពលោក»។ ប៉ុន្តែលោក មិនបានពន្យល់លម្អិតពីវិសាលភាពនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអាចកើតមាននោះទេ។
ការលើកឡើងរបស់ លោក ត្រាំ បានធ្វើឡើង បន្ទាប់ពីវិមានក្រឹមឡាំង បានបង្ហើបថា មេដឹកនាំទាំងបីរូបអាចនឹងជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលប្រារព្ធឡើងនៅប្រទេសចិនក្នុងខែក្រោយ ហើយលទ្ធភាពនៃជំនួបនេះក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។
ពេលត្រូវបានចោទសួរថា តើលោកនឹងជួបជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន ដោយគ្មានវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែរឬទេ?
លោក ត្រាំ ឆ្លើយតបថា លោកនឹងបន្តការពិភាក្សា ប្រសិនបើអាចជួយបញ្ចប់សង្គ្រាម នៅអ៊ុយក្រែនបាន។
លោកបន្ថែម ៖ «អ្វីក៏ដោយដែលខ្ញុំអាចធ្វើបាន ដើម្បីបញ្ចប់សង្គ្រាមនេះ[សង្រ្គាមនៅអ៊ុយក្រែន] មិនថាមានអ្នកណាម្នាក់ចូលរួមឬអត់នោះទេ អ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន គឺដើម្បីបញ្ចប់សង្គ្រាមនេះ»៕

