រញ្ជួយដីកម្រិត ៤.៧រ៉ិចទ័រ វាយប្រហារមីយ៉ាន់ម៉ា ធ្វើឲ្យរង្គើដល់ទឹកដី ថៃ
នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ គ្រោះរញ្ជួយដីកម្រិត ៤.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ខណៈឥទ្ធិពលរបស់វា ធ្វើឲ្យរង្គើដល់ទឹកដីថៃ ឯណោះ។
តាមការផ្សាយរបស់ Amarin, រញ្ជួយដីនេះ កើតឡើងនៅម៉ោង ៣:០៧ នាទី ទៀបភ្លឺ មានជម្រៅ ៥គីឡូម៉ែត្រ ជាមួយចំណុចកណ្តាល មានចម្ងាយប្រហែល ៦២គីឡូម៉ែត្រ ពីខេត្ត Mae Hong Son។
ផ្នែកត្រួតពិនិត្យការរញ្ជួយដី នៃនាយកដ្ឋានឧតុនិយមថៃ ប្រកាសថា ឥទ្ធិពលនៃគ្រោះធម្មជាតិនេះ ធ្វើឲ្យរង្គើដល់ស្រុក Pai និង Pang Mapha នៃខេត្ត Mae Hong Son និងស្រុក Kalayaniwattana, Mae Rim និងស្រុក Mueang នៃខេត្ត Chiang Mai។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានសេចក្តីរាយការណ៍ អំពីការខូចខាត ឬមនុស្សរងគ្រោះនោះទេ។
សូមជម្រាបថា ការរញ្ជួយដីនៅមីយ៉ាន់ម៉ា តែងតែធ្វើឲ្យរង្គើដល់ប្រទេសថៃ ដោយសារតែការតភ្ជាប់ នៃខ្សែបន្ទាត់ Fault Lines, ភូមិសាស្ត្រស្ថិតនៅជិតគ្នា និងលក្ខណៈដីទន់ នៃតំបន់មួយចំនួនក្នុងប្រទេសថៃ ជាពិសេសទីក្រុងបាងកក។
ជាក់ស្តែង ព្រឹត្តិការណ៍សោកនាដកម្ម ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលឥទ្ធិពល នៃការរញ្ជួយដី កម្រិត ៧.៧រ៉ិចទ័រ បានឆក់យកជីវិតមនុស្សចំនួន ១០៣នាក់ ក្នុងប្រទេសថៃ ជាពិសេស បណ្តាលឲ្យបាក់រលំអគារការិយាល័យសវនកម្មរដ្ឋ កម្ពស់៣៣ជាន់ដែលកំពុងសាងសង់នៅខ័ណ្ឌ ចតុចក្រ។
រញ្ជួយដីនោះ មានចំណុចកណ្ដាលក្បែរទីក្រុង Mandalay និង Sagaing នៃប្រទេសមីយ៉ាន់ម៉ា ចម្ងាយប្រហែល ៣២០ គីឡូម៉ែត្រពីខេត្ត Mae Hong Son របស់ថៃ។ វាវាយប្រហារប្រទេសថៃ នាវេលាម៉ោងប្រហែល ១:២០ នាទីរសៀល។
ដ្បិតចំណុចកណ្ដាលនៅឆ្ងាយក៏ដោយ ប៉ុន្តែរំញ័រត្រូវបានគេទទួលអារម្មណ៍នៅទូទាំង៦៣ ខេត្ត ជាពិសេសនៅ ទីក្រុងបាងកកតែម្តង៕

