តម្លៃប្រេងអន្តរជាតិដាំក្បាលចុះ ខណៈអាមេរិក និងអ៊ីរ៉ង់ សម្រេចកិច្ចព្រមព្រៀងសន្ដិភាពបឋម
តម្លៃប្រេងបានធ្លាក់ចុះដល់កម្រិតទាបបំផុតរាប់តាំងពីខែមីនា សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ ក្រោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឱ្យដឹងថា ប្រទេសទាំង២បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ ដើម្បីបញ្ចប់សង្គ្រាម និងបើកនាវាចរណ៍ច្រកសមុទ្រហ័រមូហ្សឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងឆៅ ម៉ាក Brent បានធ្លាក់ចុះ ៣,៥៨ ដុល្លារ ឬ ៤,១០% មកនៅត្រឹម ៨៣,៧៥ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៨ ព្រឹកនៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI បានធ្លាក់ចុះ ៤,០១ ដុល្លារ ឬ ៤,៧២% មកនៅត្រឹម ៨០,៨៧ ដុល្លារ/បារ៉ែល។ ស្ថិតនៅក្នុងដំណាក់កាលដាំក្បាលចុះ តម្លៃប្រេងទាំង២ បានធ្លាក់ចុះប្រមាណជាង ៣% ពេលបិទការជួញដូរកាលពីថ្ងៃសុក្រ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលការចរចាសន្ដិភាព បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយនៅប្រទេសស្វីស នាថ្ងៃសុក្រនេះ។ លោក ត្រាំ ឯណោះវិញ បានថ្លែងកាលពីថ្ងៃអាទិត្យថា ច្រកសមុទ្រហ័រមូហ្ស នឹងបើក «ដោយឥតគិតថ្លៃ» ហើយការបិទផ្លូវកងទ័ពជើងទឹកអាមេរិកលើកំពង់ផែអ៊ីរ៉ង់ ក៏នឹងបញ្ចប់ផងដែរ។
សារព័ត៌មានពាក់កណ្ដាលផ្លូវការរបស់អ៊ីរ៉ង់ Mehr បានផ្សាយថា សេចក្តីព្រាងកិច្ចព្រមព្រៀងសន្ដិភាពអាមេរិក និងអ៊ីរ៉ង់ បានស្នើការបើកច្រកសមុទ្រហ័រមូហ្សឡើងវិញក្នុងរយៈពេល ៣០ ថ្ងៃ ក្រោមការរៀបចំរបស់អ៊ីរ៉ង់។
អ្នកជំនាញទីផ្សារបានលើកឡើងថា តម្លៃប្រេងកើនឡើងនាពេលកន្លងមក ដោយសារតែជម្លោះអាមេរិក-អ៊ីរ៉ង់បានរំខានដល់ផ្នែកផ្គត់ផ្គង់ ប៉ុន្តែឥឡូវនេះ នៅពេលជម្លោះធូរស្រាលឆ្ពោះទៅរកការបើកច្រកហ័រមូហ្សឡើងវិញ តម្លៃប្រេងក៏ធ្លាក់ចុះ ដោយកង្វល់ពីការរំខានផ្នែកផ្គត់ផ្គង់ថយចុះ។
គួរគូសបញ្ជាក់ថា ការបិទច្រកសមុទ្រហ័រមូហ្សក្នុងអំឡុងសង្គ្រាម បានរំខានដល់ការផ្គត់ផ្គង់ប្រេងរាប់លានបារ៉ែល/ថ្ងៃអស់រយៈពេលជាងបីខែមកហើយ។ ឥឡូវនេះ វិនិយោគិនកំពុងតាមដានថាតើក្រុមប្រទេសផលិតនៅមជ្ឈិមបូព៌ា អាចស្តារផលិតកម្ម ការនាំចេញ និងការដឹកជញ្ជូនរបស់ខ្លួន បានលឿនប៉ុណ្ណា។
អ្នកជំនាញមកពីធនាគារ Commonwealth របស់អូស្រ្តាលី បាននិយាយថា ប្រេងម៉ាក Brent នៅតែអាចឡើងដល់ ៨០ ដុល្លារ/បារ៉ែលនៅចុងឆ្នាំនេះ ប៉ុន្តែប្រសិនបើប្រេងហូរកាត់ច្រកសមុទ្រហ័រមូហ្ស ងើបឡើងវិញដល់ ៦០-៧០% នៃកម្រិតមុនសង្គ្រាម ទីផ្សារអាចវិលត្រឡប់ទៅរកការផ្គត់ផ្គង់ច្រើនជាងតម្រូវការ។
ជុំវិញការវិវត្តចុងក្រោយ អ៊ីរ៉ង់និយាយថា ការចរចាជាមួយអាមេរិកទូលំទូលាយនឹងធ្វើឡើងក្នុងអំឡុងពេលឈប់បាញ់រយៈពេល ៦០ ថ្ងៃ ខណៈចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានបង្ហាញថា ពួកគេអាចលើកទណ្ឌកម្ម ប្រសិនបើអ៊ីរ៉ង់មានវឌ្ឍនភាពលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ភាពមិនប្រាកដប្រជាលើកិច្ចចរចានាពេលខាងមុខ ទំនងជានឹងរារាំងតម្លៃប្រេងពីការធ្លាក់ចុះបន្ថែមទៀត ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕

