គយ បើកកិច្ចប្រជុំបន្ទាន់ នៅចំពេលវិធានការចុះត្រួតពិនិត្យឃ្លាំង និងឃាត់ទំនិញសាច់បង្កក
លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី ១៨ មិថុនា ២០២៦ បានសហការរៀបចំកិច្ចពិភាក្សាបន្ទាន់មួយនៅចំពេលដែលមានវិធានការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញរបស់អាជ្ញាធរ។
កិច្ចប្រជុំនេះមានការចូលរួមពីផ្នែកឯកជន រួមមានប្រធានសមាគម ប្រធានក្រុមហ៊ុន តំណាងក្រុមហ៊ុន ដែលពាក់ព័ន្ធក្នុងវិស័យដឹកជញ្ជូន សហគ្រាសមានឃ្លាំងស្តុកទំនិញ និងអ្នកនាំចេញ-នាំចូលបម្រើផលិតកម្មផលិតក្នុងស្រុក ជាច្រើន។
កិច្ចពិភាក្សាការងារបន្ទាន់នេះបានពិភាក្សា និងស្តាប់អំពីបញ្ហាប្រឈមរបស់វិស័យឯកជន ក្នុងសកម្មភាពការធ្វើពាណិជ្ជកម្ម និងការវិនិយោគនានា។
កិច្ចពិភាក្សានេះរៀបចំឡើង ដើម្បីប្រមូលព័ត៌មាន កត់ត្រារាល់ក្តីកង្វល់ និងស្វែងរកដំណោះស្រាយជាយុទ្ធសាស្ត្រជូនវិស័យឯកជន បញ្ចៀសផលប៉ះពាល់អវិជ្ជមានលើបរិយាកាសធុរកិច្ច សង្វាក់ផលិតកម្ម និងការងាររបស់កម្មករ-ជានិយោជិត បណ្តាលមកពីវិធានការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញដែលខ្វះអនុលោមភាពច្បាប់របស់អាជ្ញាធរមានសម្ថកិច្ច។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថា វិធានការចុះផ្អាក ឬបិទឃ្លាំងទំនិញស្របច្បាប់របស់អាជ្ញាធរដែនដី បានបង្កការរំខានធ្ងន់ធ្ងរដល់រោងចក្រ និងសហគ្រាសក្នុងស្រុក (SMEs) ដែលត្រូវការវត្ថុធាតុដើមចាំបាច់ សម្រាប់ចង្វាក់ផលិតកម្មប្រចាំថ្ងៃ។ ភាគីពីវិស័យឯកជនបាលើកឡើងថា ការផ្អាកផលិតកម្មបណ្តាលឱ្យធុរជនបាត់បង់ចំណូលភ្លាមៗ និងប្រឈមនឹងការខ្វះលទ្ធភាពសងបំណុលធនាគារ។
អង្គប្រជុំកត់សម្គាល់ឃើញថា ករណីចុះត្រួតពិនិត្យមួយចំនួនធ្វើឡើងដោយខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមសម្របសម្រួលបច្ចេកទេសពីមន្ត្រីគយជំនាញ។
ការផ្សព្វផ្សាយរូបភាពបង្ក្រាបលក្ខណៈខ្លីៗលើបណ្តាញសង្គម បានបង្កការភាន់ច្រឡំ និងប៉ះពាល់ដល់ស្ថិរភាពការវិនិយោគ និងទំនុកចិត្តក្នុងការវិនិយោគ។
អង្គប្រជុំឯកភាពថា រាល់ការដោះស្រាយត្រូវតែផ្អែកលើការគោរព និងអនុវត្តច្បាប់ជាធរមាន ដោយត្រូវបែងចែកឱ្យដាច់រវាងទំនិញថៃនាំចូលដោយខុសច្បាប់ ឫទំនិញគេចពន្ធ និងទំនិញនាំចូលឫទំនិញដែលជាវត្ថុធាតុដើមផលិតកម្មស្របច្បាប់។
អង្គប្រជុំស្នើសុំកិច្ចអន្តរាគមន៍ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីស្នើសុំកិច្ចពិភាក្សាអន្តរាគមន៍បន្ទាន់មួយ ក្នុងគោលបំណងកំណត់នីតិវិធី និងការគោរពច្បាប់របស់សមត្ថកិច្ចចុះត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងរក្សាស្ថិរភាពសេដ្ឋកិច្ច៕




