ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារអបអរសាទរប្រធានរដ្ឋសភាកូរ៉េខាងត្បូងថ្មី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី ផ្ញើសារអបអរសាទរជូនឯកឧត្តម ចូ ជុងស៊ីក (Cho Jeong-Sik) ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ និង ប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នងលិខិតអបអរសាទរ សម្តេច ឃួន សុដារី មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តមប្រធាន រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងបន្តទទួលបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។ ទន្ទឹមនឹងនេះ ប្រធានរដ្ឋសភាកម្ពុជាជឿជាក់ថា ចំណងមិត្តភាពដ៏យូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសយើងទាំងពីរ នឹងត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែស៊ីជម្រៅបន្ថែមទៀតនាពេលអនាគត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនយើងទាំងសងខាង។
តាមរយៈលិខិតនេះ សម្តេចសភាធិបតី គូសបញ្ជាក់ថា៖«ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមប្រធាន និងសហការី ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាយើងទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី»។
ទន្ទឹមនឹងនេះ ភាគីទាំងពីរនឹងបន្តសហការគ្នាដើម្បីពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ព្រមទាំងលើកកម្ពស់ពហុភាគី និយមប្រកបដោយភាពបើកចំហ និងបរិយាបន្ន ដើម្បីបុព្វហេតុសន្តិភាព និងវិបុលភាព៕

