កូរ៉េខាងជើង ​ចោទ​អាមេរិក និង​បស្ចិមប្រទេស ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​រស់ឡើងវិញ​នៃ​ពួកណាស៊ី

admin By admin June 22, 2026

ប្រទេសកូរ៉េខាងជើង នា​ថ្ងៃ​ចន្ទ ទី​២២ ខែ​មិថុនា ឆ្នាំ​២០២៦ នេះ បានចេញមុខថ្កោលទោសសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀតយ៉ាងធ្ងន់ៗ ដោយ​ចោទប្រកាន់ថា ប្រទេសទាំងនោះកំពុងតែញុះញង់ និងបង្កើនការព្រួយបារម្ភដល់ពិភពលោក ជុំវិញការរស់ឡើងវិញនៃរបបណាស៊ី។ ការចេញមុខរិះគន់ចំៗបែបនេះ បានធ្វើឡើង ចំថ្ងៃខួបនៃការឈ្លានពានរបស់អាល្លឺម៉ង់ណាស៊ី ទៅលើអតីតសហភាពសូវៀត។

តាមរយៈអត្ថបទមួយ ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ទីក្រុងព្យុងយ៉ាង បានអះអាងថា «កងកម្លាំងណាស៊ី​សម័យទំនើប» បាននិងកំពុងលេចរូបរាងឡើងវិញ ដែលវាកំពុងតែបង្កជាក្តីបារម្ភយ៉ាងខ្លាំង និងក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់អនាគតរបស់មនុស្សជាតិ។ សារព័ត៌មានដដែលនេះ បានសង្កត់ធ្ងន់ថា គ្រោះថ្នាក់នៃរបបណាស៊ី​ថ្មីនេះ កំពុងតែស្តែងឡើងយ៉ាងច្បាស់ តាមរយៈស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែន។ កូរ៉េខាងជើង បានបន្ថែមទៀតថា បញ្ហានេះមិនអាចកាត់ផ្តាច់ចេញពីល្បិចកលរបស់សហរដ្ឋអាមេរិក និងបស្ចិមប្រទេស ដែលបាននិងកំពុងចេញមុខការពារ ក៏ដូចជាគាំទ្រអ៊ុយក្រែនយ៉ាងងងើលនៅលើឆាកអន្តរជាតិនោះឡើយ។

ជាមួយគ្នានេះដែរ ទីក្រុងព្យុងយ៉ាង បានប្តេជ្ញាចិត្តថា ខ្លួននឹងបន្តត​ទល់ និងរារាំងរាល់ការប៉ុនប៉ងរបស់ពួកចក្រពត្តិនិយម ក្នុងការរស់ឡើងវិញនៃរបបណាស៊ី ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងយុត្តិធម៌អន្តរជាតិ។ ការចេញមកថ្លែងការណ៍រិះគន់ក្នុងន័យឌឺដងបែបនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរបស់កូរ៉េខាងជើង ក្នុងការជួយការពារ និងផ្តល់ភាពស្របច្បាប់ដល់ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ព្រមទាំងដើម្បីបង្ហាញពីភាពស្អិតរមួត និងសាមគ្គីភាពរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូផងដែរ។

គួររំឭកផងដែរថា អាល្លឺម៉ង់ណាស៊ី បានវាយលុកចូលឈ្លានពានសហភាពសូវៀតកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៤១។ នៅក្នុងអំឡុងសង្គ្រាមលោកលើកទីពីរនោះ ទាហាន និងប្រជាជនស៊ីវិលរបស់សហភាពសូវៀតប្រមាណ ២៧លាននាក់បានបាត់បង់ជីវិត ហើយបច្ចុប្បន្នប្រទេសរុស្ស៊ី តែងតែប្រារព្ធទិវានេះឡើងជារៀងរាល់ឆ្នាំ ដើម្បីជាការចងចាំ និងគោរពវិញ្ញាណក្ខន្ធអ្នកដែលបានពលីជីវិត៕

Leave a Reply

Your email address will not be published. Required fields are marked *